ការបំផ្លាញហាងកាហ្វេមួយកន្លែងក្នុងទីក្រុង Tulkarm តំបន់ West Bank បង្ហាញពីកម្លាំងនៃការវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៨ នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់តំបន់ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។
ការវាយប្រហារនៅក្នុងជំរំជនភៀសខ្លួន Tulkarm ជាកន្លែងមួយដែលមានប្រជាជនស្នាក់នៅច្រើនបំផុតនៅតំបន់កាន់កាប់ West Bank បានបំផ្លាញហាងនៅជាន់ផ្ទាល់ដីទាំងស្រុង។
រន្ធចំនួនពីរកន្លែងនៅជាន់ខាងលើ បង្ហាញពីកន្លែងដែលមីស៊ីលបានទម្លុះអគារកម្ពស់បីជាន់ មុនពេលទៅដល់ហាងកាហ្វេ ជាកន្លែងអ្នកជីកគាស់ប្រើប្រាស់គ្រឿងចក្រ កំពុងបោសសម្អាតកម្ទេចថ្ម កាលពីថ្ងៃសុក្រ។
ការវាយប្រហារដោយកម្លាំងទ័ពអាកាសអ៊ីស្រាអែល គឺជាការវាយប្រហារធំបំផុត ត្រូវបានគេមើលឃើញនៅតំបន់ West Bank ក្នុងអំឡុងពេលប្រតិបត្តិការដែលបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅនេះ។
យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះបានសម្លាប់លោក Zahi Yaser Abd al-Razeq Oufi ប្រធានបណ្តាញក្រុមហាម៉ាសនៅទីក្រុង Tulkarm ភាគខាងជើងតំបន់ West Bank ដែលបានឃើញការប៉ះទង្គិចគ្នាដដែលៗ រវាងកងទ័ពអ៊ីស្រាអែល និងអ្នកប្រយុទ្ធប៉ាឡេស្ទីន។