ចលនាហាម៉ាស់ និងហ្វាតះរបស់ប៉ាឡេស្ទីន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្រោយសង្រ្គាមនៅហ្គាហ្សា

(គែរ)៖ មេដឹកនាំមកពីចលនាហាម៉ាស់ និងចលនាហ្វាតះ របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានជួបពិភាក្សាគ្នា នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីផែនការកិច្ចសហប្រតិបត្តិការ បន្ទាប់ពីសង្រ្គាមនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

កិច្ចពិភាក្សានេះគឺជាលើកទីមួយចាប់តាំងពីក្រុមទាំងពីរបានជួបប្រជុំគ្នាក្នុងប្រទេសចិនកាលពីខែកក្កដា ហើយបានយល់ព្រមលើជំហានដើម្បីបង្កើតរដ្ឋាភិបាលឯកភាពប៉ាឡេស្ទីនសម្រាប់តំបន់ហ្គាហ្សា និងតំបន់ West Bank។ វាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការបែកបាក់ ដែលកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីហាម៉ាស បានកាន់កាប់ហ្គាហ្សា ក្នុងឆ្នាំ ២០០៧។

គួរបញ្ជាក់ថា បញ្ហានៃការគ្រប់គ្រងតំបន់ហ្គាហ្សាបន្ទាប់ពីការបញ្ចប់នៃសង្រ្គាមដ៏យូរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏ស្មុកស្មាញបំផុតមួយដែលប៉ាឡេស្ទីនកំពុងប្រឈមមុខ។
អ៊ីស្រាអែល ដែលបានចាប់ផ្តើមយុទ្ធនាការយោធា ដើម្បីលុបបំបាត់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមនេះ លើសហគមន៍អ៊ីស្រាអែលនៅភាគខាងត្បូងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ បានច្រានចោលមិនអនុញ្ញាតឱ្យក្រុមហាម៉ាស់អនុវត្តតួនាទីណាមួយក្នុងការគ្រប់គ្រងក្រោយសង្គ្រាមនោះឡើយ។ ទន្ទឹមគ្នានេះ អ៊ីស្រាអែល ក៏មិនជឿទុកចិត្តលើអាជ្ញាធរប៉ាឡេស្ទីនដឹកនាំដោយលោក Mahmoud Abbas ដែលកំពុងគ្រប់គ្រងតំបន់ West Bank ដើម្បីធ្វើការងារនេះដូចគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *