នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក ។ សម្តេចបវរធិបតី បានកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា និងការចូលរួមថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា ។
ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិ ដែលគិតចាប់តាំងពីឆ្នាំ២០០៥ មកដល់ពេលនេះ កងទ័ពមួកខៀវកម្ពុជាប្រមាណជិត១ម៉ឺននាក់ បានបញ្ជូនទៅកាន់១០ប្រទេស ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពពិភពលោក ។ ទន្ទឹមនេះ ខណៈដែលមានប្រទេសមួយចំនួនកំពុងជួបបញ្ហាសង្គ្រាម និងអសន្តិសុខ សម្តេចមហាបរវធិបតី បានលើកឡើងពីភាពចាំបាច់ដល់ការថែរក្សាសុខសន្តិភាពឱ្យបានជាដាច់ខាតនៅកម្ពុជា ព្រោះនេះជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន ជាមួយនឹងការចូលរួមចំណែកដ៏សំខាន់ពីសំណាក់កងទ័ព ដែលជាតួអង្គមួយទាំងក្នុងការបង្កើតសង្គ្រាម បញ្ចប់សង្គ្រាម និងការពារសុខសន្តិភាព ។
សម្តេចមហាបរវធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ជានិច្ចចំពោះប្រជាជន ក៏ដូចជាកងទ័ពកម្ពុជាដែលកំពុងស្នាក់នៅ និងបំពេញបេសកកម្មនៅក្នុងបណ្តាប្រទេសដែលកំពុងមានសង្គ្រាម ។ ជាពិសេស ក្នុងពេលថ្មីៗនេះ សម្តេចបវរធិបតី បានបញ្ជាឱ្យផ្អាកការបញ្ជូននិស្សិតខ្មែរទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល និងបានណែនាំឱ្យតាមដានជាប់ជាប្រចាំពីសុវត្ថិភាពរបស់និស្សិតខ្មែរដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែលចំនួន ២២០ នាក់ និងត្រៀមផែនការមួយចំនួនក្នុងករណីចាំបាច់ ពិសេសសម្រាប់អ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យខ្លាំង។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់គោលការណ៍ទៅក្រសួងការពារជាតិ ពាក់ព័ន្ធកងទ័ពមួកខៀវកម្ពុជានៅប្រទេសលីបង់ ក្នុងករណីមានការជម្លៀសកម្លាំងចេញពីតំបន់មានសង្គ្រាម ដោយធ្វើយ៉ាងណាធានាឱ្យបានសុវត្ថិភាពអាយុជីវិតកងកម្លាំងរបស់យើងនៅទីនោះ ។
ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ សម្តេចបវរធិបតី បានស្នើក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់លើការហ្វឹកហ្វឺនជាកត្តាអាទិភាព ព្រោះការហ្វឹកហ្វឺនជាការផ្ទេរបទពិសោធន៍ និងចំណេះដឹងក្នុងជួរកងទ័ព តាមរយៈការពង្រឹងឯកសារយោធាចារ្យ និងសាលាហ្វឹកហ្វឺន ជាពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលផ្តល់ផលយ៉ាងហោច ៣ យ៉ាង គឺ៖ ១. ដើម្បីបំពេញលើយុទ្ធវិធីសំខាន់ៗ ដោយប្រើប្រាស់អាវុធធម្មជាតិក្នុងកាលៈទេសៈចាំបាច់, ២. ដើម្បីរក្សាសុខភាពរឹងមាំ, និង ៣. ដើម្បីចូលរួមភិរក្ស និងជំរុញការផ្សព្វផ្សាយនូវក្បាច់គុនរបស់បុព្វបុរសយើង ។
សម្តេចមហាបរវធិបតី បានបញ្ជាឱ្យកងទ័ពជើងគោកត្រៀមលក្ខណៈចូលរួមគាំទ្រដល់កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដើម្បីទប់ស្កាត់នូវរាល់បទល្មើសធនធានធម្មជាតិ និងបទល្មើសនានា ។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ដើម្បីធានាដល់សន្តិសុខជាតិ នាពេលខាងមុខ ដែលឆ្លើយតបទៅនឹងការប្រែប្រួលស្ថានភាពនៃបទល្មើស ទាមទាឱ្យមានការយកចិត្តទុកខ្ពស់ និងបង្កើនកម្លាំងអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះ ដែលនាំមកនូវហានិភ័យ និងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិ ៕