កូរ៉េខាងជើងនិយាយថា ខ្លួនបានកំណត់កូរ៉េខាងត្បូងជា «រដ្ឋអរិភាព»

អស់ជាច្រើនទសវត្សរ៍មកហើយ គោលដៅរបស់កូរ៉េខាងជើង គឺការបង្រួបបង្រួមកុម្មុយនិស្ត នៃឧបទ្វីបកូរ៉េ ឥឡូវនេះកូរ៉េខាងជើង បានចាត់ថ្នាក់កូរ៉េខាងត្បូងជា “រដ្ឋអរិភាព” តាមអនុសាសន៍មុនរបស់ គីម ជុងអ៊ុន ។

នៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីកំណត់ប្រទេសកូរ៉េខាងត្បូងជា “រដ្ឋអរិភាព” ។ ការសម្រេចប្តូរនេះបានកើតឡើងកាលពីសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំសភាបន្ទាប់ពីសំណើរបស់លោក គីម ជុងអ៊ុន កាលពីខែមករា ប៉ុន្តែការឃោសនាកន្លងមកស្តីពីការកែប្រែរដ្ឋធម្មនុញ្ញ មិនបានផ្តល់ព័ត៌មានលម្អិតទេ។

KCNA និយាយថា ការបំផ្ទុះតំបន់ភ្ជាប់ព្រំដែនកូរ៉េទាំងពីរ គឺជាវិធានការណ៍ជៀសមិនរួច និងស្របច្បាប់ ដែលបានធ្វើឡើងស្របតាមតម្រូវការនៃរដ្ឋធម្មនុញ្ញកូរ៉េខាងជើង ដែលកំណត់យ៉ាងច្បាស់ថា កូរ៉េខាងត្បូងជារដ្ឋអរិភាព។ របាយការណ៍របស់ KCNA បានបញ្ជាក់ទៀតថា កូរ៉េខាងជើង បានបំផ្ទុះផ្លូវ និងផ្លូវដែកភ្ជាប់ទៅកូរ៉េខាងត្បូងកាលពីពីរថ្ងៃមុន។ ទីភ្នាក់ងារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋនេះបាននិយាយថា កងទ័ពបានចាត់វិធានកាត់ផ្តាច់ផ្លូវ និងផ្លូវដែករបស់កូរ៉េខាងជើងភ្ជាប់ទៅដល់កូរ៉េខាងត្បូង ដែលជាផ្នែកនៃការបែងចែកជាដំណាក់កាលនៃទឹកដីរបស់ខ្លួន ដែលជាតំបន់អធិបតេយ្យភាពរបស់ខ្លួន ។

កាលពីខែមករា លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលុបបំបាត់ការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងជាគោលដៅជាតិ ខណៈពេលដែលខ្លួនបានចោទប្រកាន់ទីក្រុងសេអ៊ូលថា បានឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកមធ្យោបាយផ្តួលរំលំរបបរបស់គាត់។ ជាការឆ្លើយតប កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងបន្តបន្តការបង្រួបបង្រួមគ្នាឡើងវិញ ប៉ុន្តែនឹងឆ្លើយតបទៅនឹងការឈ្លានពានដែលកំពុងកើនឡើងដោយកម្លាំងតបវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *