អាមេរិកស៊ើបអង្កេតការលេចធ្លាយព័ត៌មានសម្ងាត់ អំពីផែនការវាយប្រហារអ៊ីរ៉ង់របស់អ៊ីស្រាអែល

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតការលេចធ្លាយឯកសារសម្ងាត់ ដែលពិពណ៌នាអំពីផែនការរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
ឯកសារនេះត្រូវបានគេរាយការណ៍ថា ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារស៊ើបការណ៍ភូមិសាស្ត្រជាតិអាមេរិក ដោយបានពិពណ៌នាអំពីផែនការរបស់កងទ័ពអាកាស និងកងទ័ពជើងទឹកអ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់ ដោយផ្អែកលើរូបភាពផ្កាយរណបចាប់ពីថ្ងៃទី ១៥-១៦ ខែតុលា។។ ឯកសារនេះបានលេចធ្លាយនៅលើកម្មវិធី Telegram កាលពីសប្តាហ៍មុន។
ប្រធានសភាអាមេរិក លោក Mike Johnson បានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការ។ លោកបានបន្ថែមថា «យើងកំពុងតាមដានយ៉ាងដិតដល់»។ មន្ទីរបញ្ចកោណក៏បាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នេះផងដែរ។
កាសែត New York Times បានរាយការណ៍ថា មន្ត្រីអាមេរិកបានទទួលស្គាល់ថា ឯកសារទាំងនោះគឺពិតប្រាកដ។ ចំណែកប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីសប្តាហ៍មុនថា លោកយល់ដឹងអំពីផែនការរបស់អ៊ីស្រាអែល ប៉ុន្តែលោកសង្ឃឹមថានឹងមានដំណោះស្រាយដោយសន្តិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *