ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បាននិយាយកាលពីថ្ងៃអង្គារ (២៩ តុលា) ថា មនុស្សជាង ១៤លាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងប្រទេសស៊ូដង់ ទាំងក្នុងប្រទេស ឬនៅតាមព្រំដែន ជាមួយនឹងមនុស្សប្រហែល ២០០.០០០នាក់ បានភៀសខ្លួនចាប់តាំងពីខែមុនមក ដោយសារសង្រ្គាមដ៏អូសបន្លាយ។
អគ្គនាយក IOM លោកស្រី អេមី ផូប (Amy Pope) បានប្រាប់អ្នកយកព័ត៌មានថា “មនុស្សចំនួន ១១លាននាក់ បានភៀសខ្លួននៅខាងក្នុងប្រទេស ហើយ ៣,១លាននាក់ បានភៀសខ្លួនឆ្លងកាត់ព្រំដែន។
ក្រោយមក លោកស្រីបានបន្ថែមថា តួលេខសរុបនោះរួមមានមនុស្សមួយចំនួនដែលត្រូវបានជម្លៀសមុនសង្គ្រាមស៊ីវិល បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៣ មក រវាងគូប្រជែងទាំងពីរគឺកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF និងកងទ័ពស៊ូដង់ SAF ដែលរហូតមកទល់ពេលនេះ ពុំមានសញ្ញាបញ្ចប់៕