អគ្គស្នងដ្ឋានការនគរបាលជាតិ ប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់

ភ្នំពេញ៖ អគ្គស្នងដ្ឋានការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃសុក្រទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌល ប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉េ ខាងត្បូងមួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថាត្រូវ បានបង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើតាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញ កំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។
តាមការបំភ្លឺ CHOI TAEWON មានគោលបំណងមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ ដែលទទួលបាន ប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារនៅទីតាំងខាងលើ រួមជាមួយកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុដែលនាំអោយគ្រួសារស្នើសុំអន្តរាគមន៍មក មជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅនិងធ្វើការ ម្យ៉ាងករណីស្នើសុំអន្តរាគមន៍ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹង ផងដែរ។
ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបាន ករណីនេះពុំមានសញ្ញាណនៃការបង្ខាំង មនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្តាយរបស់សាមីខ្លួន បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បី ស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួនក៏នៅមានការលាក់បាំងមិនសហការជាមួយសមត្ថកិច្ចក្នុង ការផ្តល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុនៃការផ្តល់ព័ត៌មានអំពី ទីកន្លែងដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតអោយមានសំណើសុំអន្តរាគមន៍ពីសំណាក់ គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កអោយមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ។

ករណីនេះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទ បណ្តេញពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនអោយចូលសាជាថ្មីម្តងទៀត។ អាស្រ័យដូចបានជម្រាបជូន ខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *