នាយករដ្ឋមន្រ្តីអ៊ីស្រាអែល តែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំសហរដ្ឋអាមេរិក

(តេលអាវ៊ីវ)៖ លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានតែងតាំងលោក Yechiel Leiter ជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថ្មី ប្រចាំសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Leiter ជាមន្ត្រីដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងធ្លាប់បម្រើការជាប្រធានបុគ្គលិកក្នុងក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល។
លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក Yechiel Leiter គឺជាអ្នកការទូតដែលមានសមត្ថភាពខ្ពស់ ជាវាគ្មិនដ៏ពូកែម្នាក់ និងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវប្បធម៌ និងនយោបាយអាមេរិក»។
ការតែងតាំងនេះ ក៏ទទួលបានការស្វាគមន៍ពី លោក Yisrael Ganz ដែលជាប្រធានក្រុមប្រឹក្សា Yesha។ ក្រុមប្រឹក្សានេះ តំណាងឱ្យក្រុមប្រឹក្សានៃការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅតំបន់ West Bank ដែលអ៊ីស្រាអែលកំពុងកាន់កាប់។ លោក Leiter ដែលរស់នៅក្នុងតំបន់តាំងទីលំនៅ Gush Etzion ត្រូវបានគេមើលឃើញថា ជាអ្នកគាំទ្រដ៏សំខាន់ នៃគោលនយោបាយតាំងទីលំនៅរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលបេក្ខជនសាធារណរដ្ឋរូបនេះ មានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនអ៊ីស្រាអែល។ ក្រៅពីការងារនៅក្រសួងហិរញ្ញវត្ថុ លោក Leiter ក៏ធ្លាប់បម្រើការជាអគ្គនាយករង នៅក្រសួងអប់រំ និងជាប្រធានស្តីទី នៃក្រុមហ៊ុន Israel Ports Company។ កូនប្រុសរបស់លោក បានស្លាប់ក្នុងសង្រ្គាមហ្គាហ្សា កាលពីឆ្នាំមុន ពេលកំពុងបម្រើការងារយោធា៕

Leave a Reply

Your email address will not be published. Required fields are marked *