ភ្នំពេញ – ស្ត្រីម្នាក់ត្រួវបានជនសង្ស័យមួយក្រុមបានជិះម៉ូតូដេញស្ទាក់ឆក់យកខ្សែ ក មាសជាងមួយតម្លឹងបានសម្រេចហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព កាលពីវេលាម៉ោង១២និង០០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវឌួង ងៀប. សង្កាត់ស្ទឹងមានជ័យទី៣. ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងដែលត្រូវបានចោរឆក់ខ្សែ ក ខាងលើនេះមានឈ្មោះ វ៉ាំង ពៅ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
យោងតាមប្រភពព័ត៍មានពីស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីផ្ទះរបស់គាត់ បម្រុងនិងមកដឹកម្តាយបង្កើតដែលមកលេងបុណ្យអុំទូក នៅបន្ទប់ជួលរបស់ប្អូននៅផ្លូវឌួង ងៀបយកទៅហូបបាយនៅផ្ទះរបស់គាត់នៅឯភូមិថ្មគោល ខណៈជិះមកដល់ចំនុចកើតហេតុខាងលើដោយផ្លូវស្ងាត់ពុំសូវមានអ្នកដំណើរឆ្លងកាត់ផងនោះ ក៏មានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ដេញតាមរូបគាត់ហើយធ្វើសកម្មភាពឆក់យកខ្សែក មាសពីជនរងគ្រោះ បណ្តាលឲ្យដួលបោកក្បាលរងរបួសពកក្បាលខាងក្រោយត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចទីតាំងកើតហេតុខាងលើដើម្បីសាកសួអ្នកដែលបានឃើញហេតុការណ៍ដើម្បីកំណត់មុខសញ្ញាស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ។
ដោយឡែកប្រជាពលរដ្ឋដែលរស់នៅទីនោះបានបង្ហើបឲ្យដឹងថា ទីតាំងកើតហេតុខាងលើនេះ ក្រុមចោរឆក់តែងតែធ្វើសកម្មភាពឆក់អ្នកដំណើរស្ទើរតែរៀងរាល់ថ្ងៃ. ពួកគាត់សូមណូមពរឲ្យសមត្ថកិច្ចខណ្ឌមានជ័យជួយដាក់កម្លាំងពួនស្ទាក់បង្រ្កាបក្រុមចោរឆក់ទាំងនេះផង ដើម្បីកុំឲ្យពួកវាបន្តសកម្មភាពឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋស្លូតត្រង់ជាបន្តទៀត៕