(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា បានរាយការណ៍ថាអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ផ្គត់ផ្គង់ដោយអង់គ្លេស វាយប្រហារលើ ទឹកដីរុស្ស៉ី បន្ទាប់ពីទទួលបានភ្លើងបៃតងពីរដ្ឋាភិបាលទីក្រុងឡុងដ៍ និងមួយថ្ងៃតែប៉ុណ្ណោះក្រោយទីក្រុងកៀវ បាញ់មីស៊ីល ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិកចូលក្នុងទឹកដី រុស្ស៉ី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។
Financial Times ដោយផ្អែកលើប្រភពទទួលបានពីមន្ត្រីលោកខាងលិចម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow ជាច្រើ នគ្រាប់លើគោលដៅយោធាមួយកន្លែងនៅលើទឹកដីរុស្ស៉ី។ Financial Times ក៏បានអះអាងដែរថាប្រភពពីរដ្ឋាភិបាលអង់គ្លេសបានទទួលស្គាល់ពីការប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយនេះវាយប្រហារចូលដីរុស្ស៉ីជាលើកដំបូង។ ចំណែក សារព័ត៌មាន The Guardian បាននិយាយថាចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល វាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី ជាការឆ្លើយតបទៅនឹងទីក្រុងមូស្គូ សម្រាប់ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងក្នុងសមរភូមិប្រឆាំងអ៊ុយក្រែន។
យ៉ាងណាក៏ដោយ ទាំងរុស្ស៉ី និងអ៊ុយក្រែន មិនទាន់ទទួលស្គាល់ជាផ្លូវការពាក់ព័ន្ធនឹងការប្រើមីស៊ីល Storm Shadows នៅឡើយទេ។
គួរបញ្ជាក់ថា Storm Shadows ជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់បានចម្ងាយ ២៥០គីឡូម៉ែត្រ។ សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៊ុយក្រែន ដោយ ប្រើមីស៊ីល Storm Shadows កើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកៀវបានបាញ់មីស៊ីល ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិកចូលក្នុងទឹកដីរុស្ស៉ី ក្រោយទទួលបាន ភ្លើងបៃតងពីលោក ចូ បៃដិន៕