យកជីវិតគេលេងសើចពេកហើយ!  ស្រវឹងស្រាបើករថយន្តប្រដេញគ្នាលេងសប្បាយតាមដងផ្លូវជ្រុលបុករះកង់បីនិងម៉ូតខ្ទិចខ្ទីបណ្តាលបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាបើករថយន្ត លិចសុីស RX-300 មួយគ្រឿងប្រដេញគ្នាលេងសប្បាយតាមដងផ្លូវជាមួយនិងរថយន្តលិចសុីស 470 មួយគ្រឿងទៀត បណ្ដាលឲ្យរថយន្ត លិចសុីស 300 ជ្រុលបុករះម៉ូតូកង់បីពីរគ្រឿងនិងម៉ូតូមួយគ្រឿងបណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងណាធ៌ម ផ្អើលដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវនាំគ្នាឃាត់តៃកុងរថយន្តបង្កបាន សំណាងល្អប្រជាពលរដ្ឋទប់កំហឹងជាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០៣ ទៀបភ្លឺ ឈានចូលថ្ងៃទី២៩  ខែវិច្ឆិកាឆ្នាំ ២០២៤ នៅត្រង់ចំណុចមុខរោងចក្រក្រុមហ៊ុនហុងដា តាមបណ្ដោយផ្លូវវិថីចោមចៅ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនគាត់ហេតុឃើញថយន្តលិចស៊ីសRX-300ពាក់ស្លាកលេខភ្នំពេញ2AB-6691បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានបើកដេញគ្នាលេង ជាមួយរថយន្តលិចស៊ីស LX-470មួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្តាល2D-0577 តាំងពីចំណុចស្តុបទួលពង្រក្នុងទិសដៅពីកើតទៅលិចលឿនដូចហោះ រហូតមកដល់កន្លែងកើតហេតុខាងលើរថយន្តលិចស៊ីស 300 បានរេចង្កូចបុករះម៉ូតូកង់បីពីរគ្រឿងនិងម៉ូតូមួយគ្រឿងបណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ភ្លាមនោះបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឃាត់តៃកុងរថយន្តបង្កជាប់ សំណាងល្អទប់កំហឹងជាប់ រួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការសួរនាំភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ត ម៉ូតូកង់បី និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែក សពរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *