នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌទួលគោក លោក ស៉ឹម សុផង់ អភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការ រៀបចំសណ្ដាប់ធ្នាប់និងបាញ់ថ្នាំកំណាត់ព្រំ នៅកំណាត់ផ្លូវលេខ២៣១ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) ចំពោះ រថយន្តដែលយកផ្លូវសាធារណៈ ជាកន្លែងផ្ទេរទំនិញ និងក្រុមអាជីវកតាំងលក់បន្លែ ផ្លែឈើ លើផ្លូវ បង្កការកកស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ មិនអាចឆ្លងកាត់បាន។
លោក អភិបាលរងបានបញ្ជាក់ថា កំណាត់ផ្លូវលេខ២៣១ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) អាជ្ញាធរបានណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសាមក ហើយ តែក្រុមអាជីវក ទាំងនោះហាក់មិនចូលរួមសហការជាមួយអាជ្ញាធរ តែពេលនេះអាជ្ញាធរបានចុះលើកយកសម្ភារៈកល់តាំងលក់ មិនអនុញ្ញាតឲ្យបន្តយកផ្លូវតាំងលក់បែបនេះទៀតទេ។ចំពោះរថយន្តផ្ទេរទំនិញ បើនៅតែបំពាន នោះអាជ្ញាធរនឹងយករថយន្តទៅរក្សារទុកនៅសាលាខណ្ឌ។
សូមបញ្ជាក់ផងដែរកាលពីពេលថ្មីៗមកនេះ អាជ្ញាធរខណ្ឌទួលគោកបានចុះអនុវត្តវិធានរដ្ឋបាលចំពោះអាជីវកលក់ដូរ លើកំណាត់ផ្លូវលេខ២៣០ ដោយអនុវត្តបានល្អប្រសើរ អាចធ្វើចរាចរណ៍ងាយស្រួលជាង ដោយអាជ្ញាធរអនុញ្ញាតឲ្យក្រុមអាជីវក លក់ពេលយប់បណ្ដោះអាស្នន នៅចិញ្ជើមផ្លូវតែត្រូវរក្សាសណ្ដាប់ធ្នាប់ ហើយព្រឹកឡើង នៅវេលាម៉ោង៦ព្រឹកត្រូវតែរើចេញឲ្យអស់ បរិស្ថានអនាម័យត្រូវតែស្អាត៕



















