ភ្នំពេញ-យុវតីម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗ. ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឲ្យរន្ធត់ ដែលបានកើតឡើងកាលពីម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៦. ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពយុវតីរងគ្រោះខាងលើនេះមានឈ្មោះ ទូច សារើន ភេទស្រី អាយុ១៤ឆ្នាំ. មុខរបរ រត់តុនៅហាងសាច់គោអាំង បុរីពិភពថ្មីចំការដូង. ស្នាក់នៅជាមួយឪពុកម្តាយ នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា. មុនពេលកើតហេតុ យុវតីរងគ្រោះខាងលើបានជិះម៉ូតូចេញពីផ្ទះ បម្រុងនិងចេញទៅធ្វើការនៅហាងលក់សាច់គោអាំងនៅបុរីពិភពថ្មីចំការដូង. ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា អាយខុនព៍ណ ផ្កាឈូក លាយស ពាក់ផ្លាកលេខភ្នំពេញ1AR-3082 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំនុចកើតហេតុក៏មានរថយន្តដឹកប្រេងមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ3G-6238 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា. បានកៀម៉ូតូរបស់យុវតីរងគ្រោះខាងលើបណ្តាលឲ្យដួលទៅខាងឆ្វេងដៃត្រូវរថយន្តកិន បែកក្បាលស្លាប់យ៉ាងរន្ធត់នៅកន្លែងកើតហេតុតែម្តង។
ចំណែកអ្នកបើកបរនិងរថយន្តបង្កត្រូវបានសមត្ថកិច្ចដេញស្ទាក់ចាប់បានភ្លាមៗនិងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃស សហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅធ្វើការវាស់វែង និងបានធ្វើកំណត់ហេតុ ប្រគល់សពយុវតីរងគ្រោះខាងលើទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕









