(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា ការវាយប្រហារលើប្រទេសលីបង់ក្នុងសប្តាហ៍នេះបង្ហាញថា រដ្ឋាភិបាលអ៉ីស្រាអែលគ្រោងនឹងឱ្យសង្រ្គាមរាលដាលទៅកាន់តំបន់ ដូច្នេះសូមអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចចាត់វិធានការរារាំង ប្រឆាំងនឹងសកម្មភាពរបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Erdogan បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុង Istanbul ថា «ដើម្បី ឱ្យ តំបន់ របស់យើង មិន ត្រូវ បានអូសទាញ ទៅ ក្នុងមហន្តរាយ ដ៏ ធំ ការដាក់សម្ពាធ លើ អ៉ីស្រាអែល ត្រូវ តែ បង្កើនថែមទៀត»។ ដោយសំដៅលើការវាយប្រហារនៅលីបង់ លោក Erdogan បានបន្ថែមថា «ដើម្បីបញ្ចប់ការគាបសង្កត់ដែលបន្តអស់រយៈពេលជិតមួយឆ្នាំមកនេះ ដើម្បីបង្កើតបទឈប់បាញ់អចិន្ត្រៃយ៍ និងធានាដល់លំហូរជំនួយមនុស្សធម៌ យើងទាំងអស់គ្នា ពិភពលោកទាំងមូល និងជាពិសេសអង្គការសហប្រជាជាតិ គឺមានភារកិច្ចសំខាន់»។
គួរបញ្ជាក់ថា លោក Erdogan នឹងលើកយកបញ្ហាសង្គ្រាមអ៉ីស្រាអែលនៅហ្កាហ្សា ជារបៀបវារៈសំខាន់នៃសុន្ទរកថារបស់លោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃអង្គារសប្តាហ៍ក្រោយ៕