បន្ទាយមានជ័យ៖មុនពេលបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតទទួលបានព័ត៌មានពីសន្តិសុខដែលយាមនៅក្បែរបេនឡានចាន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានករណីប្រើប្រាស់គ្រឿងញៀនជាប្រចាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន, គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (កេតាមុីន) ចំនួន០៥ថង់កិប ទម្ងន់ ៧,៤០ក្រាម, ម៉ុតូចំនួន០១គ្រឿង ម៉ាកNEX ពណ៌ខៀវ គ្មានស្លាកលេខ, និងសម្ភារ:មួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង០២នាក់ ១/-ឈ្មោះ សិតធិផុន ហមឆាំចារឺន ហៅ ឣុិត ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរលក់ដូរ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះឣាសន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ២/-ឈ្មោះ វ៉ាតឆារ៉ាសាក់ ស៊ុមិន ហៅ ឣឹម ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរឣ្នកដឹកជញ្ជូន បច្ចុប្បន្ន ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០២នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា ពួកខ្លួនបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ពិតប្រាកដមែន។
ដោយផ្ឣែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជានមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា មុនបង្រ្កាបករណីខាងលើនេះ ក៏ទទួលបានការឣនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុងតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ នៅរសៀលថ្ងៃឣាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕