BREAKING: ស្ថានការណ៍តានតឹងកើនឡើង៖ អ៊ីស្រាអែលវាយប្រហារក្រុមហេសបូឡាលីបង់ ស្លាប់ជិត ២០០នាក់ និងរបួសជាង ៧០០នាក់

(ប៉េរូត)៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើគោលដៅរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ១៨២នាក់ រួមទាំងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារនេះ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ ត្រូវបានចាត់ទុកថាជាការកើនឡើងនៃអំពើហិង្សាឆ្លងព្រំដែនដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៧ ខែតុលា។

ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីប្រជុំជន និងភូមិនានានៅភាគខាងត្បូងប្រទេស បានសម្លាប់មនុស្ស ១៨២ នាក់ និងធ្វើឱ្យ ៧២៧ នាក់ផ្សេងទៀតរងរបួស ដោយក្នុងនោះរួមមានទាំងកុមារ ស្ត្រី និងគ្រូពេទ្យ។

នៅថ្ងៃចន្ទដដែលនេះ អ៊ីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារទីតាំងហេសបូឡា ជាង ៣០០ កន្លែង ដោយប្រើប្រាស់ការវាយប្រហារតាមអាកាសរាប់សិបលើក។ ក្នុងពេលជាមួយគ្នានេះ ក្រុមហេសបូឡាបាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅចំនួនបីនៅភាគខាងជើងអ៊ីស្រាអែល។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានព្រមានប្រជាជនឱ្យជម្លៀសចេញពីតំបន់ ដែលខ្លួនអះអាងថា ក្រុមប្រដាប់អាវុធកំពុងលាក់អាវុធ។ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នាថ្ងៃចន្ទនេះ ធ្វើឡើងក្រោយភាគីទាំងពីរ បានវាយប្រហារគ្នាទៅមកយ៉ាងចាស់ដៃ កាលពីចុងសប្តាហ៍មុន ក្នុងជម្លោះមួយ ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត១ឆ្នាំ និងទន្ទឹមគ្នាជាមួយ សង្រ្គាម រវាង អ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *