ភ្នំពេញ៖ កម្មករសំណង់៥នាក់ បានស្លាប់ ក្រោយដាច់កន្រ្តកយោងពីជាន់ទី៤ នៃអគារ Olympia city ជាប់របងស្តាតអូឡាំពិក ខណ្ឌ៧មករា នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ពុំទាន់មានរបាយការណ៍ណាមួយពី សមត្ថកិច្ច អាជ្ញាធរនៅឡើយទេ នាព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដដែលនេះ ថាតើបណ្តាលមកពីមូលហេតុអ្វី ? ហើយសពជនរងគ្រោះមានអត្តសញ្ញាណអ្វីខ្លះ ?
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ជាមួយអង្គភាព ព័ត៌មាន«រាល់ថ្ងៃ» នាព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានប្រាប់ថា ៖ ក្នុងករណីនេះ ខ្ញុំមិនទាន់ទទួលបានរបាយការណ៍គ្រប់ជ្រុងជ្រោយនៅឡើយ ខណៈមានភារកិច្ចប្រជុំទើបចប់។ លោកបន្តថា ៖ ចាំមើលខ្ញុំសួរនាំសិក្សាឱ្យច្បាស់ពីរបាយការណ៍សមត្ថកិច្ច ។
សូមជម្រាបថា ៖ សង្ឃឹមថាគ្រួសារជនរងគ្រោះទាំង៥នាក់ នឹងទទួលបានសំណងច្រើន ពីម្ចាស់អគារ ដើម្បីយកទៅធ្វើបុណ្យ និងផ្គត់ផ្គង់ជីវភាពអ្នកដែលនៅរស់ ក្រោយបាត់បង់បង្គោលគ្រួសារទៅហើយនោះ។
ដោយឡែក លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទូរស័ព្ទចូលគ្មានអ្នកទទួល នាព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដូច្នេះមិនអាចទាក់ទងការបំភ្លឺបាន ។ ចំណែកម្ចាស់អគារ Olympia city ជាប់របងស្តាតអូឡាំពិក ខណ្ឌ៧មករា គ្មានលេខទូរស័ព្ទទាក់ទងបានឡើយ ៕