(បាងកក)៖ មនុស្សប្រហែល ២០,០០០នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសថៃ ដោយជាមធ្យមមានច្រើនជាង ៥០នាក់ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ ២០២៤។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេទី ២នៅអាស៉ី បន្ទាប់ពីប្រទេសនេប៉ាល់ ហើយជាប់ចំណាត់ថ្នាក់ទី ១៦នៅលើពិភពលោក ដូចគ្នានឹងប្រទេសឆាដ Chad ប្រទេស Guinea-Bissau ដែរ។ អង្គការឃ្លាំមើលសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសថៃ (Thai RSC) បានឱ្យដឹងថា នៅឆ្នាំនេះ មានអ្នកស្លាប់ជាង ១០,០០០ នាក់ និងរបួស ៦០០,០០០នាក់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
អត្រាគ្រោះថ្នាក់ និងអ្នកស្លាប់កើនឡើងខ្ពស់ មាននៅអំឡុងពេលប្រារព្ធពិធីបុណ្យធំៗ ដូចជា ចូលឆ្នាំថ្មី និងសង្ក្រាន្ត ក៏ដូចជាបុណ្យអុំទូក។ ការបើកបហួសល្បឿនកំណត់ បើកបរក្នុងលក្ខណៈស្រវឹង ស្ថានភាពផ្លូវមិនល្អ និងយានយន្ដគ្មានសុវត្ថិភាព សុទ្ធតែបានរួមចំណែកបង្កគ្រោះថ្នាក់ចរារណ៍។
ដោយឡែក ការអនុវត្តច្បាប់សុវត្ថិភាពត្រូវបានបំផ្លាញជាយូរមកហើយ ដោយកត្តាប៉ូលិសចរាចរណ៍ខ្លះទទួលសំណូកហើយបិទភ្នែកចំពោះករណីល្មើសច្បាប់ ដូចជាការបើកបរហួសល្បឿនកំណត់ ឬអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ ក្រៅពីនេះ ការត្រួតពិនិត្យសុវត្ថិភាពយានយន្ត ក៏បានចុះខ្សោយដែរដោយសារអំពើពុករលួយ។
គួរបញ្ជាក់ថា ការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យ ថៃ ខាតបង់សេដ្ឋកិច្ច គិតជាទំហំទឹកប្រាក់ប្រហែល ១៥.៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ស្មើនឹងជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស៕