កត្តាគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវល្បឿនលឿន កើតឡើងភាគច្រើនបណ្ដាលមកពីការបើកបរលើសល្បឿនកម្រិតកំណត់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងលើផ្លូវល្បឿនលឿន ភាគច្រើនបណ្ដាលមកពីការបើកបរលើសល្បឿនកម្រិតកំណត់ និង មិនគោរពតាមការណែនាំរបស់ ក្រុមហ៊ុនផ្លូវល្បឿនលឿន មួយចំណែកទៀតគឺការធ្វេសប្រហែសរបស់អ្នកបើកបរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ការបើកបរលើសល្បឿនកម្រិតកំណត់ និងការធ្វេសប្រហែសមិនគោរពតាមបការណែនាំពីរបៀបបើកបរជាបញ្ហាចម្បងបណ្តាលអោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន។ ការធ្វសប្រហែស និងភាពប្រហើនរបស់អ្នកបើកបរខ្លះ តែងបានបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ព្រមទាំងធ្វើខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ១៥និង៣៨ នាទីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក ESCALADE ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CE-0567 អ្នកបើកបរឈ្មោះ XIONG YONGZHOU ភេទ ប្រុស ជនជាតិ ចិន អាយុ ៣២ ឆ្នាំ ធ្វើដំណើរក្នុងទិសដៅ ព្រះសីហនុ ទៅភ្នំពេញ បានប្រើប្រាស់ល្បឿនលឿន ក្នុងពេលមេឃកំពុងមានភ្លៀងធ្លាក់ខ្លាំងត្រង់ចំណុចផ្លូវកោង នៅចំណុចគីឡូម៉ែត្រ K141+700 ភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរអិលជ្រុលចង្កូតទៅបុករនាំងការពារទ្រូងផ្លូវ ហើយបានខ្ទាតចូលទៅចំណែកផ្លូវក្នុងទិសដៅ ភ្នំពេញ ទៅព្រះសីហនុ បណ្តាលឲ្យ រថយន្តមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរក្នុងទិសដៅ ភ្នំពេញទៅព្រះសីហនុ បុកពេញទំហឹងតែម្តង ដែលមាន ម៉ាក FORD RANGER ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-0565 អ្នកបើកបរឈ្មោះ មិត្ត ប៊ុន ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ៤៨ឆ្នាំ។

ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះឡើយ ប៉ុន្តែរថយន្តរងការខូចខាតស្ទើទាំងស្រុង និងរបាំងពុះចែកទ្រូងផ្លូវបាក់ជាច្រើនម៉ែត្រផងដែរ។

ជាចុងក្រោយ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន សូមអំពាវនាវដល់អ្នកបើកបរសូមមានស្មារតីប្រុងប្រយ័ត្ន គោរពការបញ្ជាចរាចរណ៍អោយបានខ្ជាប់ខ្ជួន និងមើលផ្ទាំងLEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ៕

Leave a Reply

Your email address will not be published. Required fields are marked *