ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី 20 នៅឆ្នាំ 2026ខាងមុខ

នៅឆ្នាំ 2026ខាងមុខនេះ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី 20។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃអាទិត្យនេះ។

តាមសេចក្ដីប្រកាសព័ត៌មាន គឺលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ជាអ្នកប្រកាសថា ប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី 20 នៅឆ្នាំ 2026 នៅវិមាន Grand Palais ទីក្រុងប៉ារីស កាលពីថ្ងៃទី 5 ខែតុលា ឆ្នាំ 2024 ដោយមានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្តាប្រមុខរដ្ឋ និងរដ្ឋាភិបាល។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងបន្តថា បន្ទាប់ពីការប្រកាស មានការចាក់បញ្ចាំងវីដេអូ ស្តីពី ប្រទេសកម្ពុជា ដែលបង្ហាញថា កម្ពុជា ជាប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។

បន្ទាប់មកទៀត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងថ្លែងសុន្ទរកថាបិទ កិច្ចប្រជុំ ដែលព្រះអង្គមានព្រះរាជកិត្តិយសទទួលឲ្យប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី 20 នៅឆ្នាំ 2026។

បើតាមក្រសួងការបរទេសដដែល ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា។

ព្រះអង្គ ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី 20 ឲ្យក្លាយជាឱកាសដ៏ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ៕

Leave a Reply

Your email address will not be published. Required fields are marked *