ភ្នំពេញ- រថយន្តដឹកទឹកកកមួយដាច់ហ្រ្វាំងបានបុករះម៉ូតូ ២គ្រឿងនិងកង់៣មួយគ្រឿងរួចជ្រុលទៅបុកតូបលក់ត្រីរងការខូចខាតយ៉ាងដំណំនិងបណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើ ការសង្រ្គោះភ្លាមៗ។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមាត់ទន្លេព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុគេឃើញមានអ្នកដំណើរឆ្លងកាត់ទៅមកនិងមានអាជីវកររៀបចំតូបលក់ដូរ នៅចំនុចផ្សារចាម ស្របពេលនោះក៏មានរថយន្តដឹកទឹកកកមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 3A-1367 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងមកជើងជាន់ហ្រ្វាំងមិនជាប់បានជ្រុលទៅបុកម៉ូតូកង់៣និងម៉ូតូដែលនៅខាងមុខនិងជ្រុលទៅបុកតូបលក់ត្រី កិនម៉ូតូចំពីលើធ្វើឲ្យរថយន្តទៅមុខលែងរួច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រែកប្រាសហការជាមួយកម្លាំងនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅនិងកម្លាំងជំនាញនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែង និងឃាត់អ្នកបើកបររថយន្តបង្កទៅធ្វើការសាកសួរតាមនិតិវិធី។
ចំណែករថយន្តបង្កនិងម៉ូតូ២គ្រឿងនិងម៉ូតូកង់១គ្រឿងទៀតសមត្ថកិច្ចបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕