ខេត្តសៀមរាប៖ ប៉ូលិសខេត្តសៀមរាបបង្ក្រាបក្រុមក្មេងទំនើងបញ្ជូនទៅតុលាការខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។ មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបង្កឡើយដោយក្មេងទំនើងចំនួន ០២ ក្រុម ប្រដាប់ដោយកាំបិតខ្វែវ និងមួកសុវត្ថិភាព ប្រើមធ្យាបាយម៉ូតូ និង ផាសអាប់ (PassApp) បានធ្វើសកម្មភាពបើកប្រដេញ ស្ទាក់វាយតប់ និងកាប់គ្នាទៅវិញទៅមកយ៉ាងអាណាធិបតេយ្យ ក្រោយពីធ្វើសកម្មភាពរួចភាគីទាំងសងខាងបាននាំគ្នាគេចខ្លួន។
ក្រោយពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងនគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ និងកំណត់បានមុខសញ្ញា ឈានដល់ធ្វើការឃាត់ខ្លួនមនុស្សបានចំនួន៥ នាក់តែម្ដង។
ជនសង្ស័យ៖
១-ឈ្មោះ ជឿន យូឈាន ហៅវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅតូបលក់ដូរ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទលួច)។
២-ឈ្មោះ ឱម ម៉ារឺឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ (គ្មាន) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទហិង្សាដោយចេតនា)
៣-ឈ្មោះ ចិត្រ ច័ន្ទសីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីកន្លែងកំណើតភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)
៤-ឈ្មោះ ស៊ីម ផលមុន្នីរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីកន្លែងកំណើតភូមិត្រពាំងប្រាសាទ ឃុំ.ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន)
៥-ឈ្មោះ ជា ងនបញ្ញា ហៅយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីកន្លែងកំណើតខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)។
ស្នងការនគរបាលខេត្តសៀមរាបបញ្ជាក់ថា ដោយឡែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានហើយ កំពុងបន្តការចាប់ខ្លួន ៕