ព្រៃវែង ៖ មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបការផ្សព្វផ្សាយពត៌មានមិនពិត របស់វិទ្យុអាស៊ីសេរី ( RFA Khmer) ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មថ្មភ្នំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
សេចក្តីបំភ្លឺពត៌មាន បានបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រភ្នំបាភ្នំ ក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់ និងទីតាំងធ្វើអាជីវកម្មថ្មភ្នំ ជាទីតាំង២ ដាច់ដោយឡែកពីគ្នា មានចម្ងាយពីគ្នាប្រមាណ៣គីឡូម៉ែត្រ មិនដូចពត៌មានដែលលើក ឡើងថា ការធ្វើអាជីវកម្មថ្មភ្នំ ស្ថិតនៅខាងក្រោយជាប់ភ្នំប្រវត្តិសាស្ត្រ ភ្នំបាភ្នំនោះទេ។
តំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់ ជាតំបន់ប្រវត្តិសាស្ត្រ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ លេខៈ២២៤ អនក្រ.បក ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដោយរួមបញ្ចូលមានៈ ភ្នំបាភ្នំ ភ្នំវត្តកំពូល ភ្នំឈើកាច់ មណ្ឌលមុនីស្ថានតាបសភ្នំតូច ព្រមទាំងទីតាំងមួយចំនួនទៀត ស្ថិតនៅឃុំឈើកាច់ ឃុំ រោងដំរី និងមួយភាគតូចជាប់ឃុំជើងភ្នំ ស្រុកបាភ្នំ។ តំបន់នេះនៅរក្សាសភាពដើមធម្មតា មិនមានការ ធ្វើអាជីវកម្មថ្មនោះឡើយ បន្ថែមពីនេះអាជ្ញាធរ និងប្រជាពលរដ្ឋតែងតែប្រារព្ធពិធីបុណ្យឡើងអ្នកតា មេសរ ជារៀងរាល់ឆ្នាំ និងមានប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមពិធីបុណ្យ។
ភ្នំដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មវាយថ្ម ជាភ្នំស្វាយសាមសិប ក្នុងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុក បាភ្នំ។ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ ពីក្រសួងរ៉ែ និងថាមពល ត្រូវឆ្លងកាត់ការវាយតម្លៃបច្ចេកទេស ផលប៉ះពាល់បរិស្ថានសង្គម និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានពីក្រសួងបរិស្ថានផងដែរ។ ក្រោម ការពិនិត្យរបស់ក្រសួង និងមន្ទីរ ឃើញថាក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ រួមមានៈ ប្រតិបត្តិការអាជីវកម្មចាប់ពីម៉ោង៦ព្រឹក-៦ល្ងាច បោះបង្គោលកំណត់ដែនអាជ្ញាបណ្ណត្រឹម ត្រូវ បានបង់សួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗជូនរដ្ឋ ត្រឹមត្រូវ -ល-។
ធនធានរ៉ែថ្មសំណង់ បានផ្គត់ផ្គង់ទូទាំងខេត្តព្រៃវែង ខេត្តស្វាយរៀង និងស្រុកលើកដែក ខេត្ត កណ្តាល សម្រាប់បម្រើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងឯកជន ព្រមទាំងបានជួយជំរុញ វិស័យអចលនទ្រព្យនៅតំបន់នេះទៀតផង។
មន្ទីររ៉ែ និងថាមពល បានចាត់ទុកថា ការផ្សាយពត៌មានវិទ្យុអាស៊ីសេរី (RFA Khmer) តាមបណ្តាញពត៌មានអេឡិចត្រូនិច និងបណ្តាញពត៌មានសង្គមមួយចំនួន ដែលមានចំណងជើងថា “អាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ” ដោយភ្ជាប់នូវវីដេអូ និងការអត្ថាធិប្បាយនោះ គឺជាព័ត៌មានខុសពីការពិត ដែលអាចធ្វើឲ្យមានការភាន់ច្រឡំពីសំណាក់សាធារណៈជន។
សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្មាំ២០២៤ រដ្ឋបាលស្រុកបាភ្នំ ក៏បានធ្វើសន្និសិទព័ត៌មានបំភ្លឺជុំវិញករណីផ្សព្វផ្សាយខុសការពិតពីភ្នំឈើកាច់នេះ ផងដែរ៕