អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលដែលប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

ភ្នំពេញ៖ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើឱ្យបញ្ឈប់ ជាបន្ទាន់រាល់បុគ្គលដែលប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេស ចំពោះជនដែលបង្កើតពាក្យចចាមអារ៉ាម លាបពណ៌យ៉ាងអគុណធម៌ ផ្ទុយពីការពិតមកលើ ឯកឧត្តមអភិសន្តិបណ្ឌិត។ ក្នុងន័យនេះ អ្នកនាំពាក្យ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។

សេចក្តីប្រកាសបដិសេធរបស់អ្នកនាំពាក្យ មានខ្លឹមសារទាំងស្រុងថា
“អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជ្រាបថា ថ្មីៗនេះ មានបុគ្គលឆ្លៀតឱកាសមួយចំនួន បានតាំងខ្លួនជា សាច់ញាតិ ជាក្រុមការងារ ឬជាជំនួយការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីធ្វើជាបង្អែកកាងទំនាស់ ឯកជន ឬដាក់សម្ពាធលើអាជ្ញាធរ សមត្ថកិច្ចឱ្យផ្តល់ប្រាក់ ជាថ្នូរទៅនឹងការមិនចាត់វិធានការនានា និងខ្លះ ទៀតបានតម្រូវឱ្យបង់ប្រាក់ប្រចាំខែ ជាថ្នូរនឹងការសម្របសម្រួលខុសច្បាប់ផ្សេងៗជាដើម។

ទន្ទឹមនេះ ក៏មានបុគ្គលឆ្លៀតឱកាសខ្លះទៀត បានប្រើប្រាស់ទំនាក់ទំនងសង្គមទូទៅ និងរូបថត ជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត បង្ហាញបង្អួតដោយកុហកជនបរទេសថា ខ្លួនជាក្រុមការងារ ជាជំនួយការ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីទាញយកផលប្រយោជន៍ក្នុងគ្រាដែល ជនបរទេសទាំងនោះពុំដឹងពីការពិត។ ជាងនេះទៀត ក្នុងកិច្ចប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និង បង្ក្រាបករណី Call Center ខុសច្បាប់ ក៏មានបុគ្គលខ្មែរ និងជនបរទេសខ្លះ ឆ្លៀតឱកាសប្រើឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅបន្លាច គំរាមកំហែង បន្ទុចបង្អាក់ការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបង្កើតពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវក្នុងចេតនាទុច្ចរិត អុចអាល ញុះញង់ បង្អួចកេរ្តិ៍ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ថាជាអ្នកនៅពីក្រោយទីតាំង Call Center ខុសច្បាប់ ឬជាប់ ពាក់ព័ន្ធផលប្រយោជន៍របស់ក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដោយគ្រាន់តែផ្អែកលើរូបថតជាមួយគ្នា ឬ ទំនាក់ទំនងក្នុងសង្គមជាធម្មតា។

អ្នកនាំពាក្យ សូមសង្កត់ធ្ងន់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ប្រកាន់ សុចរិតធម៌ជាមាគ៌ាជីវិត ទាំង
ក្នុងកិច្ចការបម្រើជាតិនិងប្រជាជន និងទាំងក្នុងសកម្មភាពទំនាក់ទំនងសង្គម។ សម្រាប់សាធារណជន

ឯកឧត្តមអភិសន្តិបណ្ឌិត តែងផ្តល់ការគោរព ស្រលាញ់ និងរាប់អានក្នុងស្មារតីជាជនរួមជាតិ ហើយ
សម្រាប់ធុរជនជាតិ និងអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត តែងតែចូលរួមផ្តល់ការលើកទឹកចិត្ត គាំទ្រ
សម្របសម្រួល និងបង្កលក្ខណៈឱ្យធ្វើសកម្មភាពស្របទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា
ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជន ពោលគឺមិនប្រព្រឹត្ត និងមិនគាំទ្រជាដាច់ខាតរាល់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់កិត្តិយសក្រុមគ្រួសារថ្នាក់ដឹកនាំកំពូលៗរាជរដ្ឋាភិបាល និងគណបក្ស។

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់បុគ្គលដែលប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាពិសេស ចំពោះជនដែលបង្កើតពាក្យចចាមអារ៉ាម លាបពណ៌យ៉ាងអគុណធម៌ ផ្ទុយពីការពិតមកលើ ឯកឧត្តមអភិសន្តិបណ្ឌិត។ ក្នុងន័យនេះ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានេះ សូមសាធារណជនមេត្តាកុំជឿលើបុគ្គលទាំងនោះ និងសូមទាក់ទងមក ខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រសិនបើមានការសង្ស័យដោយប្រការណាមួយ និងសូមដាក់ពាក្យបណ្ដឹងទៅ កាន់សមត្ថកិច្ចតាមផ្លូវច្បាប់ ក្នុងករណីដឹងថាខ្លួនជាជនរងគ្រោះ”៕

Leave a Reply

Your email address will not be published. Required fields are marked *