ខេត្តស្វាយរៀង ÷ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ពេលនេះជនសង្ស័យ រួមទាំងទណ្ឌិតដែលរត់គេចខ្លួនត្រូវបានសមត្ថកិច្ចវៀតណាមចាប់ខ្លួននៅលើទឹកដីរបស់គេ ហើយពេលនេះសមត្ថកិច្ចកម្ពុជាកំពុងតែធ្វើការសហការនាំជនសង្ស័យ និងទណ្ឌិតត្រឡប់មកវិញ។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៤០នាទី ឈ្មោះ ហ្វៀង ឌីងទន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម បានមកសួរសុខទុក្ខឈ្មោះ ង្វៀង តុងហ្វឹង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម នៅក្នុងពន្ធនាគារខេត្តស្វាយរៀង។ បន្ទាប់ពីសួរសុខទុក្ខបានប្រហែល៥នាទី ឈ្មោះ ហ្វៀង ឌីងទន់ បានដើរចេញមកខាងក្រៅ រួចឈ្មោះ ង្វៀង តុងហ្វឹង រត់មកតាមក្រោយដោយបានយកកាំភ្លើង១ដើម (មិនចាំម៉ាក) ពីឈ្មោះ ហ្វៀង ឌីងទន់ ធ្វើការភ្ជង់ទៅលើមន្ត្រីការពារ រួចបានឡើងម៉ូតូធ្វើការរត់គេចខ្លួន។
ផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានព័ត៌មានថា ជនសង្ស័យទាំង២នាក់ ម្នាក់ជាទណ្ឌិតដែលត្រូវរំដោះ និងម្នាក់ដែលជាជនសង្ស័យអ្នកមករំដោះយកអ្នកទោស ត្រូវសមត្ថកិច្ចវៀតណាមឃាត់ខ្លួនបាន។