ម្តាយរវល់ធ្វើការរោងចក្រ ឪពុកជាសន្តិសុខ កូនប្រុសអាយុ៥ឆ្នាំចេញពីសាលាមកអង្គុយចាំបងនៅមាត់ស្រះ អកុសលរអិលធ្លាក់ចូលក្នុងទឹកលង់ស្លាប់យ៉ាងអណោចអធម

ភ្នំពេញ-ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះចិញ្ចឹមត្រីក្នុងវត្តអង្គត្រគៀត បង្កឲ្យមានការភ្ញាក់ផ្អើល. កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងស្រះទឹកក្នុងវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពកុមារាដែលបានលង់ទឹកស្លាប់ខាងលើនេះមានឈ្មោះ ង៉ែត ដាវិត អាយុ៥ឆ្នាំ ជាសិស្សថ្នាក់មតេយ្យសាលាសម្តេចតេជោ អង្គត្រគៀត ស្នាក់នៅបន្ទប់ជួលជាមួយម្តាយឪពុកនៅក្បែរទីតាំងកើតហេតុខាងលើ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅព្រឹកមិញនេះ ក្មេងប្រុសរងគ្រោះខាងលើនិងបងប្រុសបង្កើតម្នាក់ទៀតបានចេញពីបន្ទប់ជួលរបស់ឪពុកម្តាយហើយនាំគ្នាមកសាលារៀន ដោយក្មេងប្រុសជាបងបានចូលរៀននៅសាលាបឋមសិក្សាតេជោអង្គត្រគៀត ចំណែកក្មេងប្រុសរងគ្រោះចូលរៀននៅសាលាមេត្យក្បែរគ្នា លុះនៅម៉ោង១០ អ្នកគ្រូប្រចាំថ្នាក់បានឲ្យសិស្សដែលរៀននៅសាលាមតេយ្យទាំងអស់ចេញទៅផ្ទះមុន ហើយក្មេងប្រុសរងគ្រោះខាងលើមិនបានចេញទៅបន្ទប់ជួលដូចសិស្សដ៏ទៃទៀតនោះទេ ដោយសារតែនៅបន្ទប់ជួលចាក់សោ ហើយម្តាយចេញទៅធ្វើជាកម្មករោងចក្របាត់ ចំណែកបុរសជាឪពុកជាសន្តិសុខក៏បានចេញទៅយាមបាត់ទើបរូបគេទិញនំមួយកញ្ចប់មករងចាំបងរបស់គេនៅមាត់ស្រះចិញ្ចឹមត្រីក្នុងវត្តហើយបានបោះនំឲ្យចំណីរត្រីជាអកុសល ក្មេងប្រុសខាងលើនេះបានរអិលធ្លាក់ចូលក្នុងទឹកស្រះអស់រយះពេលប្រហែលជាង២០នាទី ទើបមានបុរសម្នាក់ដែលជាជាងធ្វើចេតីយ្យនៅទីនោះជួយចុះស្រង់មកលើគោកហើយបញ្ជូនទៅកាន់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថា ក្មេងប្រុសរងគ្រោះខាងលើនេះបានផុតដង្ហើមស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលសង្កាត់កន្ទោកសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យទីតាំងកើតហេតុនិងសពក្មេងប្រុសរងគ្រោះខាងលើ.  ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា. សពក្មេងប្រុសខាងលើនេះពិតជាបានរអិលធ្លាក់ចូលក្នុងទឹកហើយលង់ឈ្លក់ទឹកស្លាប់ពិតប្រាកដមែនហើយសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យម្តាយឪពុកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *