ពន្ធគយរបស់លោក ត្រាំ ដែលដកហូតលើទំនិញនាំចូលពីប្រទេសចិននឹងប៉ះពាល់ដល់អូស្ត្រាលី

(កង់បេរ៉ា)៖ មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលអូស្រ្តាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ពន្ធគយដ៏ធំរបស់សហរដ្ឋអាមេរិកលើប្រទេសចិនអាចនឹងមាន «ផលប៉ះពាល់» លើប្រទេសអូស្ត្រាលី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Christopher Kent ជំនួយការទេសាភិបាលធនាគារកណ្តាលអូស្រ្តាលី ខណៈថ្លែងទៅកាន់ក្រុមសមាជិកសភានៅទីក្រុងកង់បេរ៉ាថា៖ «ទាក់ទងនឹងពន្ធគយ យើងគ្រាន់តែមិនដឹងថាតើវាមានទំហំធំប៉ុណ្ណា ហើយនឹងត្រូវបានអនុវត្តចំពោះប្រទេសណាប៉ុណ្ណោះ»។ លោកបានបន្ថែមថា៖ «ក្តីបារម្ភខ្លាំងនោះគឺពន្ធដ៏ធំទៅលើប្រទេសចិន ដែលអាចជះឥទ្ធិពលអាក្រក់ដល់យើង»។
លោក ត្រាំ បានគំរាមដំឡើងពន្ធរហូតដល់ ៦០% លើទំនិញនាំចូលពីប្រទេសចិន និង ២០% សម្រាប់ទំនិញដែលនាំចូលពីប្រទេសផ្សេងទៀតក្នុងពិភពលោក។ ការដំឡើងពន្ធនេះនឹងនាំមកនូវការដកពន្ធគយជាមធ្យមរបស់សហរដ្ឋអាមេរិកខ្ពស់ជាង ២០% ពោលគឺជាកម្រិតមួយដែលមិនធ្លាប់មានគិតចាប់តាំងពីដើមសតវត្សទី២០ នេះបើយោងតាមស្ថាប័នស្រាវជ្រាវ Bloomberg Intelligence ។ ប្រទេសចិនទិញទំនិញរបស់អូស្រ្តាលីជិតមួយភាគបី និងមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី។
នៅពេលត្រូវបានសួរថាតើធនាគារកណ្តាលអូស្រ្តាលីបានធ្វើការវិភាគសេណារីយ៉ូអំពីផលប៉ះពាល់ពីតំណែងជាប្រធានាធិបតីរបស់លោក ត្រាំ លើសេដ្ឋកិច្ចរបស់អូស្ត្រាលីដែរឬទេនោះ ទេសាភិបាលធនាគារកណ្តាលអ្នកស្រី Michele Bullock បានប្រាប់សមាជិកសភាថា ក្រុមប្រឹក្សាកំណត់អត្រាការប្រាក់បានពិភាក្សាគ្នាអំពីបញ្ហានេះនៅសប្តាហ៍នេះ ទោះបីជាធនាគារកណ្តាលមិនទាន់បានបង្កើតគំរូណាមួយក៏ដោយ។
អ្នកស្រីបានមានប្រសាសន៍ថា៖ «យើងយល់ដឹងទូលំទូលាយអំពីវិធីមួយចំនួននៃគោលនយោបាយទាំងនេះ។ ប្រសិនបើពន្ធគយទាំងនោះត្រូវអនុវត្ត វានឹងដំណើរការ ប៉ុន្តែយើងមិនបានវិភាគអំពីសេណារីយ៉ូច្បាស់លាស់អំពីអ្វីដែលកើតមានសម្រាប់គោលនយោបាយរូបិយវត្ថុនោះទេ ពីព្រោះមានរឿងគ្រប់ទិសទីនៅទីនេះ»។ អ្នកស្រីបានបន្ថែមថា៖ «ប្រសិនបើប្រទេសចិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការដកហូតពន្ធគយនេះ នោះវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់យើងដែរ»។ អ្នកស្រី Bullock បានថ្លែងទៅកាន់សមាជិកសភាថា ធនាគារកណ្តាលអូស្រ្តាលីនឹងឆ្លើយតបប្រសិនបើចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *