(វ៉ាស៊ីនតោន)៖ ជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ មិនត្រឹមតែផ្ដល់ឱ្យលោក ដូណាល់ ត្រាំ នូវកៅអីសេតវិមានប៉ុណ្ណោះទេ។ អាណត្តិទី២ ក៏នឹងផ្ដល់ផងដែរនូវអំណាច យ៉ាងធំធេងដល់លោក ដូណាល់ ត្រាំ ដើម្បីរារាំង ឬផាត់ចោលសំណុំរឿងបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរមួយចំនួនដែលលោកកំពុងប្រឈម ក្នុងនោះរួមមានបទចោទប្រកាន់សហព័ន្ធចំនួន២ ដែលចោទ រូបលោកថាបានគ្រប់គ្រងឯកសារសម្ងាត់ជាតិដោយខុសច្បាប់ និងការព្យាយាមកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលលោកចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន។
មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏ត្រូវបានតុលាការក្នុងសង្កាត់ Manhattan សម្រេចឱ្យជាប់ពិរុទ្ធលើបទចោទព្រហ្មទណ្ឌ ៣៤ បទចោទផងដែរ ព្រមទាំងការចោទប្រកាន់មួយករណីទៀតនៅក្នុងរដ្ឋ Georgia ដែលចោទថារូបលោកបានលូកលាន់កិច្ចការបោះឆ្នោតកាលពីឆ្នាំ២០២០។ គណបក្សប្រជាធិបតេយ្យធ្លាប់រំពឹងថាការចោទប្រកាន់ទាំងនេះអាចនឹងបំផ្លាញក្ដីសង្ឃឹមចង់វិលត្រឡប់មកកាន់ តំណែងជាប្រធានាធិបតីសាជាថ្មីរបស់លោក ត្រាំ។ តែនៅទីបំផុតទៅ អតីតប្រធានាធិបតីជាប់ពិរុទ្ធដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិករូបនេះ បែរជានៅតែអាចផ្ដួលលោកស្រី កាម៉ាឡា ហារីស ដោយ ទទួលបានអង្គបោះឆ្នោត និងសំឡេងបោះឆ្នោតពីប្រជាជនអាមេរិកច្រើនជាងបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។ «ប្រជាជនអាមេរិកបានបញ្ចេញមតិរបស់ពួកគេ នោះគឺការប្រើ ប្រាស់ច្បាប់ធ្វើទុក្ខបុក្ខម្នេញគូប្រជែង ត្រូវតែបញ្ចប់»។ នេះជាការគូសបញ្ជាក់របស់លោក Steve Scalise ជាតំណាងរាស្ត្រសាធារណរដ្ឋជាន់ខ្ពស់ម្នាក់នៅក្នុងសភាតំណាងរាស្ត្រ នៅក្នុងការបង្ហោះ មួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា ជាមួយការអំពាវនាវឱ្យរដ្ឋអាជ្ញាអាមេរិកបិទបញ្ចប់ជាបន្ទាន់ការធ្វើទុក្ខបុកម្នេញនយោបាយប្រឆាំងលោក ត្រាំ។
- ដូច្នេះតើនឹងមានរឿងអ្វីកើតឡើងចំពោះសំណុំរឿងកម្រិតសហព័ន្ធ?
លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌសហព័ន្ធ ដោយរដ្ឋអាជ្ញាពិសេសតំណាងឱ្យក្រសួងយុត្តិធម៌អាមេរិក លោក Jack Smith។ សំណុំរឿងទី១ លោក ត្រាំ បាន រងការចោទប្រកាន់ពីការលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ និងសំណុំរឿងទី២ ពាក់ព័ន្ធនឹងការកាន់កាប់ឯកសារសម្ងាត់ជាតិដោយខុសច្បាប់ ហើយដែលឯកសារទំាងនោះ ត្រូវបាន FBI រកឃើញនៅភូមិគ្រឹះ Mar-a-Lago របស់លោក។ សំណុំរឿងទី១ កំពុងស្ថិតក្នុងនីតិវិធីដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី រីឯសំណុំរឿងទី២ត្រូវបានច្រានចោលដោយចៅក្រមម្នាក់ ក្នុងរដ្ឋ Florida។ តែខាងក្រសួងយុត្តិធម៌អាមេរិកកំពុងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការបដិសេធរបស់ចៅក្រមរូបនេះ។
នៅពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ មានវិធីសាស្ត្រជាច្រើនដើម្បីដាក់សម្ពាធឱ្យក្រសួងយុត្តិធម៌ទម្លាក់ចោលសំណុំរឿងប្រឆាំងនឹងរូបលោក នោះក៏ព្រោះតែក្រសួងគឺជា សេនាធិការមួយរបស់លោក។ ម្យ៉ាង ក្រសួងយុត្តិធម៌អាមេរិក បានប្រកាន់យកជាយូរណាស់មកហើយនូវគោលនយោបាយប្រឆាំងនឹងរាល់ការចោទប្រកាន់លើប្រធានាធិបតីកំពុងកាន់អំណាច។ នៅម្ខាងទៀត លោក ត្រាំ អាចនឹងតែងតាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីរូបណាដែលមានទំនោរទម្លាក់ចោលរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក។ បើតាមសារព័ត៌មាន ABC បេក្ខជនម្នាក់សម្រាប់ តំណែងរដ្ឋមន្ត្រីយុត្តិធម៌ដែលកំពុងស្ថិតនៅក្រោម នោះគឺលោកស្រី Aileen Cannon ជាចៅក្រមម្នាក់ដែលបានបដិសេធចោលសំណុំរឿងប្រឆាំងរូបលោក។ លោក ត្រាំ នៅមានជម្រើសមួយទៀត គឺលោកអាចនឹងប្រើអំណាចជាប្រធានាធិបតីបញ្ជាឱ្យបិទចោលសំណុំរឿងតែម្ដង។ ប្រធានាធិបតីជាប់ឆ្នោតថែមទាំងបានព្រមានជាមុនទៀតផងថាលោកនឹងបណ្ដេញលោក Smith ពីតំណែងភ្លាមៗ នៅពេលឡើងកាន់តំណែងជាប្រធានាធិបតី។ - តើនឹងមានផលប៉ះពាល់ដល់សំណុំរឿងកម្រិតរដ្ឋ ឬទេ?
សំណុំរឿងចោទប្រកាន់ប្រឆាំងលោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋ Georgia និងសង្កាត់ Manhattan គឺស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌។ ដូច្នេះលោក ត្រាំ អាចនឹងពិបាកបន្តិច។ ប៉ុន្តែ ក្រុមជំនាញបាននិយាយថាវាទំនងជាមិនអាចទៅរួចនោះទេ ដែលពួកគេដំណើរការការកាត់ទោស នៅពេលលោក ត្រាំ ចូលទៅអង្គុយលើកៅអីសេតវិមាន។ នៅរដ្ឋ Georgia លោក ត្រាំ ត្រូវបាន ចោទប្រកាន់ពាក់ព័ន្ធនឹងការឃោសនាទ្រឹស្ដីគ្មានមូលដ្ឋានថាការបោះឆ្នោតមានការលួចបន្លំ ដើម្បីបំផ្លាញលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋមួយនេះ អំឡុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
សហជនជាប់ចោទរបស់លោក ត្រាំ ជាច្រើននាក់បានសារភាពពីទោសកំហុស ប៉ុន្តែលោក ត្រាំ នៅតែអះអាងថាលោកជាមនុស្សស្អាតស្អំ។ លោក Clark Cunningham ជាសាស្ត្រាចារ្យច្បាប់ម្នាក់ មកពីសាកលវិទ្យាល័យ Georgia State University យល់ថាលោក ត្រាំ អាចនឹងស្នើឱ្យក្រសួងយុត្តិធម៌ដាក់ពាក្យបណ្ដឹងមួយទៅកាន់តុលាកាសហព័ន្ធ ដើម្បីបញ្ឈប់សំណុំរឿងក្នុងរដ្ឋ Georgia ក្នុង គោលបំណងពន្លឿនសំណុំរឿងនេះឱ្យទៅដល់ដៃតុលាការកំពូលអាមេរិក ដែលកាលពីខែកក្កដាកន្លងទៅ បានចេញសាលក្រមសម្រេចថាលោក ដូណាល់ ត្រាំ មានអភ័យឯកសិទ្ធិពីការចោទប្រកាន់ បទល្មើសព្រហ្មទណ្ឌ សម្រាប់សកម្មភាពផ្លូវការរបស់លោកអំឡុងកាន់អំណាច។
លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ដោយតុលាការក្នុងសង្កាត់ Manhattan ជុំវិញពិរុទ្ធភាពលើបទចោទចំនួន ៣៤ ជុំវិញការក្លែងបន្លំឯកសារអាជីវកម្មដើម្បីសូក លុយបំបិតមាត់អតីតតារាអាសអាភាសម្នាក់កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរបស់អ្នកទាំង២។ ការផ្តន្ទាទោសគ្រោងនឹងធ្វើឡើង នៅចុងខែវិច្ឆិកានេះ បន្ទាប់ពីចៅក្រមសម្រេចពន្យារពេលកាត់ទោស រហូតដល់ក្រោយការបោះឆ្នោត។ តែទោះជាយ៉ាងណា តុលាការមិនទាន់សម្រេចថាតើពិរុទ្ធភាពមួយផ្នែក ឬទាំងស្រុងរបស់លោក ត្រាំ គួរតែត្រូវបានទម្លាក់ចោលដែរឬក៏យ៉ាងណាទេ ដោយសារតែ សាលក្រមរបស់តុលាការកំពូលអាមេរិកបានសម្រេចថាលោក ត្រាំមានអភ័យឯកសិទ្ធ។ ក្រុមអ្នកច្បាប់ជាច្រើនជឿថាវាមិនអាចទៅរួចនោះទេដែលលោក ត្រាំ នឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងពេលកំពុងកាន់អំណាច។ ពួកគេយល់ថាការផ្តន្ទាទោស ឬការចោទប្រកាន់អាចនឹងត្រូវបានទម្លាក់ចោល ឬក៏ត្រូវពន្យារពេលរហូតដល់ការបោះឆ្នោតប្រធានាធិបតីនៅអាណត្តិក្រោយ។
- តើលោក ត្រាំ អាចលើកលែងទោសឱ្យខ្លួនឯង ដែរទេ?
ប្រធានាធិបតីអាមេរិកមានអំណាចយ៉ាងធំធេង ក្នុងការលើកលែងទោសឱ្យអ្នកជាប់ពិរុទ្ធ ឬត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌសហព័ន្ធ។ ក្នុងប្រវត្តិសាស្ត្រអាមេរិក មិនដែលមានប្រធានាធិបតី រូបណាលើកលែងទោសឱ្យខ្លួនឯងនោះទេ។ ប៉ុន្តែ លោក ត្រាំ កន្លងមកធ្លាប់លើកឡើងពីគំនិតនេះ។ រាល់ការលើកលែងទោសឱ្យខ្លួនឯង គឺត្រូវទាញសំណុំរឿងចូលដល់កម្រិតសហព័ន្ធ ហើយអាចនឹង មានការប្ដឹងជំទាស់តាមផ្លូវច្បាប់។ បានន័យថាការលើកលែងទោសឱ្យខ្លួនឯងនឹងត្រូវបញ្ជូនទៅដល់ដៃតុលាការកំពូលអាមេរិក។ តែយ៉ាងណាក៏ដោយ លោក ត្រាំ មិនចាំបាច់តម្រូវឱ្យលើកលែងទោស ឱ្យខ្លួនឯងនោះទេ ប្រសិនបើក្រសួងយុត្តិធម៌អាមេរិកច្រានចោលសំណុំរឿងប្រឆាំងនឹងរូបលោក។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលជាប់ពិរុទ្ធ ក្រោមបទចោទព្រហ្មទណ្ឌ។ លោក ត្រាំ ក៏ធ្លាប់ត្រូវបានរដ្ឋសភាអាមេរិក ដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងចំនួន ២លើកដែរ កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២១៕