(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានឱ្យដឹងថា លោកនឹងជួបប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស ប្រមុខអង្គការណាតូ មេដឹកនាំនៃប្រទេសអឺរ៉ុបខាងជេីង (Nordic) ក៏ដូចជាប្រទេសក្នុងតំបន់បាល់ទិក នាពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឆ្លងអាត្លង់ទិក និងសង្រ្គាមនៅអ៊ុយក្រែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នា ២០២៤។
អនាគត នៃ ជំនួយ សម្រាប់អ៊ុយក្រែន គឺ ស្ថិត ក្នុង ចំណោម បញ្ហា ចម្បង ដែល សហភាព អឺរ៉ុប (EU) កំពុង ប្រឈម មុខ ក្រោយ ជ័យជម្នះរបស់ លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ កន្លងមកលោក ត្រាំ បានរិះគន់កញ្ចប់ជំនួយយោធាអាមេរិក សម្រាប់អ៊ុយក្រែនប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ហើយថែមទាំងបានសន្យាថានឹងបញ្ចប់សង្រ្គាមនេះ មុនពេលចូលកាន់តំណែងជាផ្លូវការ។
លោក Tusk និយាយថា មិនបាច់សង្ស័យទេអំពីទិដ្ឋភាពនយោបាយថ្មីនេះ ថាជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនៅក្នុងបរិបទនៃការបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៉ី និងប្រធានាធិបតីអាមេរិកថ្មី ។ ប៉ុន្មានថ្ងៃខាងមុខទៀត យើងនឹងសម្របសម្រួលកិច្ចសហប្រតិបត្តិការស៉ីជម្រៅ ជាមួយបណ្តាប្រទេសមានទស្សនស្រដៀងគ្នាលើស្ថានភាពភូមិសាស្ត្រនយោបាយ និងឆ្លងអាត្លង់ទិកនៅអ៊ុយក្រែន។
តាម លោក Tusk ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រមុខអង្គការណាតូ លោក Mark Rutte នឹងមកធ្វើទស្សនកិច្ចនៅទីក្រុង Warsaw ហើយត្រូវជួបគ្នាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ទាំងនៅទីក្រុង Warsaw ឬនៅទីក្រុងឡុងដ៍។ លោក Tusk ក៏នឹងជួបមេដឹកនាំ Nordic និង Baltic នៅឯ ទីក្រុង Stockholm ប្រទេសស៊ុយអែតផងដែរ៕