ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកម្លាំងផ្ទាល់ចុះពិនិត្យស្ថានភាព និងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំកម្លាំងផ្ទាល់ចុះពិនិត្យស្ថានភាព និងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយមាត់ទន្លេ និងជុំវិញព្រះបរមរាជវាំង។
ជាការកត់សម្គាល់ នៅយប់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ ប្រជាពលរដ្ឋបានសម្រុកចូលមកលេងកម្សាន្ដនៅតាមបណ្ដោយមាត់ទន្លេ, មុខព្រះបរមរាជវាំង និងទីតាំងសប្បាយដ្ឋានផ្សេងៗ ហាក់កើនឡើងជាងពីរថ្ងៃកន្លងទៅ។
ដោយឡែក ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *