ការវាយប្រហាររបស់អ៉ីស្រាអែល ផ្តាច់ជីវិតមនុស្ស ៤៧នាក់ នៅភាគខាងកើតលីបង់

(បេរូត)៖ ការវាយប្រហាររបស់អ៉ីស្រាអែល បានបណ្តាលឱ្យមនុស្ស ៤៧នាក់ស្លាប់ នៅឯភាគខាងកើតប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនាំឱ្យយុទ្ធនាការប្រឆាំងក្រុមហេសបូឡា កាន់តែរាលដាលទៅផ្នែកផ្សេងទៀត ចំពេលអ្នកសម្រុះសម្រួលអាមេរិក កំពុងជំរុញកិច្ចចរចាបទឈប់បាញ់ នៅអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Bachir Khodr អភិបាលខេត្ត Baalbek-Hermel នៃប្រទេសលីបង់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៧នាក់ត្រូវបានសម្លាប់ និង ២២នាក់រងរបួសក្នុងការវាយប្រហាររបស់អ៉ីស្រាអែល នៅតំបន់ Baalbek។ Baalbek ស្ថិតនៅភាគខាងកើតលីបង់ ជាប់ ព្រំដែនជាមួយ ស៉ីរី ដែល ក្រុម ហេសបូឡា សាសនាឥស្លាមនិកាយ ស៉ីអ៊ីត កាន់កាប់។
កងទ័ពអ៉ីស្រាអែលនិយាយថា ការវាយប្រហាររបស់ខ្លួន គឺប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធក្រុមហេសបូឡា ហើយថាបានកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៉ីវិល តាមរយៈការព្រមានទុកមុន និងជំហានផ្សេងៗទៀត។
មន្រ្តីជាន់ខ្ពស់លីបង់មួយរូបបានប្រាប់ Reuters ថាទីក្រុងបេរូត កំពុងព្យាយាមឱ្យមានការផ្លាស់ប្តូរ ក្នុងសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក ដើម្បីរួមបញ្ចូលនូវការធានាថា អ៉ីស្រាអែលនឹងដកកងទ័ពចេញពីភាគខាងត្បូងលីបង់ យ៉ាងឆាប់រហ័ស៕

Leave a Reply

Your email address will not be published. Required fields are marked *