អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal លោក Emmanuel Petit បានលើកឈ្មោះកីឡាករខ្ចីជើងពីក្រុមតោខៀវ Chelsea គឺកីឡាករខ្សែបម្រើប្រយុទ្ធស្លាបRaheem Sterling ថាជាបញ្ហាដែលក្លឹបកំពុងប្រឈមធំបំផុតក្នុងរដូវកាលនេះ។ ការលើកឡើងរបស់អតីតកីឡាករអន្តរជាតិបារាំងបានលើកឡើងបែបនេះពោលគឺក្រោយពីSterling បច្ចុប្បន្នលេងខ្ចីជើងនៅ Arsenal មិនទាន់មានឱកាសបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូងអោយក្រុមលោក Mikel Arteta នៅឡើយនោះទេ។
Petit វីរបុរសដែលធ្លាប់ជួយអោយក្រុមមាន់គកបារាំងលើកពាន World Cup ឆ្នាំ១៩៩៨ និងធ្លាប់ប្រកបអាជីពជាមួយ Chelsea និង Arsenal នៅក្របខណ្ឌ Premier League បានលើកឡើងយ៉ាងដូច្នេះថាៈ ទម្រង់លេងរបស់កីឡាករអន្តរជាតិអង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីគាត់បានចាកចេញពី Man .Cityមកម្លេះ។នោះហើយគឺជាមូលហេតុដែលគេអោយគាត់ចាកចេញ។ ការយល់ឃើញរបស់ខ្ញុំនោះគឺគាត់មានលុយច្រើនក្នុងអាជីពទៅហើយ ដូច្នេះគាត់លែងចង់លេងបាល់ទាត់ទៀតហើយ។ គាត់ភ្ញាក់ពីដំណេករាល់ព្រឹកដោយគ្មានគោលដៅដើម្បីធ្វើនោះទេ។
ក្រុមកាំភ្លើងធំ Arsenal រដូវកាលនេះហាក់កាន់តែឃ្លាតឆ្ងាយពីការប្រជែងពានខុសពីពីររដូវកាលចុងក្រោយ ស្របពេលបច្ចុប្បន្នពួកគេឈរនៅលេខរៀង ទី៤ និង មានគម្លាត៩ពិន្ទុពីក្រុមនាំមុខតារាង Liverpool ខណៈមានការព្យាករណ៍ផងដែរថាប្រសិនជាArsenal បន្តចាញ់ត្រឹមតែ១ប្រកួតទៀតនោះពួកគេនិងអស់ឱកាសប្រជែងពានហើយ។
ប្រភព: Dailypost