វៀតណាម៖ នៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលវៀតណាម ឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារតែព្យុះទីហ្វុងយ៉ាហ្ស៊ី (Yagi) បានកើនឡើងដល់ ១៤១ នាក់ហើយ ព្រមទាំងព្រមានថា ទឹកជំនន់បានធ្វើឱ្យកម្រិតទឹកក្នុងទន្លេក្រហមកើនឡើងយ៉ាងឆាប់រហ័ស និងគំរាមកំហែងចំពោះការជន់លិចខណ្ឌនានាស្ថិតនៅក្នុងរដ្ឋធានីហាណូយ ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបង្កដោយព្យុះទីហ្វុងយ៉ាហ្ស៊ី (Yagi) បានបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់នៅទូទាំងភាគខាងជើងប្រទេសវៀតណាម ដោយបានសម្លាប់មនុស្ស ១៤១ នាក់ និង ៥៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន រួមទាំងបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ហើយរំខានដល់អាជីវកម្ម និងឧស្សាហកម្មផងដែរ ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីល្ងាចថ្ងៃអង្គារ បានរាយការណ៍ថា កម្រិតទឹកទន្លេក្រហមក្នុងទីក្រុងហាណូយ បាននិងកំពុងកើនឡើង ១០ សង់ទីម៉ែត្រជារៀងរាល់ម៉ោងតែម្តង នាំឱ្យកម្ពស់ទឹក ហក់ឡើងដល់ ១០,៧ ម៉ែត្រឯណោះ និងអាចបន្តកើនឡើងទៀត។
ក្នុងពេលដំណាលគ្នា ប្រភពព័ត៌មាន ក៏ដូចជារដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនានា បានឱ្យដឹងថា សាលារៀនមួយចំនួននៅក្នុងទីក្រុងហាណូយ បានស្នើសិស្សឱ្យស្នាក់នៅផ្ទះពេញមួយសប្តាហ៍ ដោយសារតែក្តីព្រួយបារម្ភអំពីទឹកជំនន់ ខណៈអ្នកស្រុករាប់ពាន់នាក់ដែលរស់នៅក្នុងតំបន់ទំនាប ត្រូវអាជ្ញាធរជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព ៕
ប្រភព៖ រូបភាព៖ Reuters/ VN Express