ចាប់បានជនសង្ស័យម្នាក់ខណៈឡើងទៅលួចខោអាវ និងសំបកកំប៉ុងអេតចាយលើផ្ទះមួយកន្លែង

ភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាចោរកម្មគាស់ផ្ទះ២នាក់ប្រដាប់ដោយដាវនិងឧបករណ៍សម្រាប់ឆ្កឹះសោបានឡើងទៅលួចទ្រព្យសម្បត្តិនៅលើផ្ទះមួយកន្លែង ។ ប៉ុន្តែទើបលួចបានខោអាវនិងសំបកកំប៉ុងអេតចាយមួយចំនួនប៉ុណ្ណោះ ក៏ត្រូវបានម្ចាស់ផ្ទះឃើញទាន់ស្រែកឆោឡោនិងចាប់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការនោះបានកើតឡើងនៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះវណ្ណា រ័ត្ន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកើតហេតុខាងលើត្រូវចាប់ខ្លួន ។ រីឯម្នាក់ទៀតឈ្មោះតឿ ហើយកំពុងរត់គេចខ្លួន ចំណែកម្ចាស់ផ្ទះខាងលើនោះឈ្មោះជីម សុឃីម ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរជាងបិទស្កុតរថយន្ត ។

ប្រជាពលរដ្ឋបាននិយាយថា នៅវេលាព្រឹកថ្ងៃកើតហេតុ ជនសង្ស័យខាងលើបានឡើងទៅលើផ្ទះខាងលើដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ។ ប៉ុន្តែខណៈនោះពុំទាន់លួចបានទ្រព្យសម្បត្តិមានតម្លៃនៅឡើយទេ ទើបតែលួចបានខោអាវមួយចំនួន និងប្រមូលយកសំបកកំប៉ុងអេតចាយខ្លះប៉ុណ្ណោះ ក៏ត្រូវបានម្ចាស់ផ្ទះឃើញទាន់ ។

ប្រភពដដែលបានប្រាប់ថា ពេលនោះ ម្ចាស់ផ្ទះនឹងអ្នកជិតខាងបានតេទូរសព្ទ ហៅគ្នាបានបួនប្រាំនាក់ ឡោមព័ទ្ធ ចាប់បាន ជនសង្ស័យម្នាក់ដកហូតបានដាវ១ដើម និងឧបករណ៍ឆ្កឹះសោ១ ផងដែរ ។ ចំណែកបក្សពួកម្នាក់ទៀតឈ្មោះតឿបានរត់គេចខ្លួនបាត់បន្ទាប់មកបានប្រគល់ជនសង្ស័យនោះជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ចាត់ការតាមច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *