លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាលបានអោយដឹងថា សមត្ថកិច្ចអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៥ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សែម វិចទ័រ អាយុ ៣៨ ឆ្នាំ ពីបទ ប៉ុនប៉ងមនុស្សឃាដ ( បេីករថយន្តដេញបំបុកជនរងគ្រោះ ) នៅចំណុច ភូមិព្រែកសំរោង ២ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង ២១:៥០ នាទី យប់ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៥ ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានវាស់ជាតិអាល់កុលឃេីញថា ឈ្មោះ សែម វិចទ័រ បានផឹកគ្រឿងស្រវឹងលេីសច្បាប់កំណត់ ។ តាមចម្លេីយសារភាពរបស់ឈ្មោះ សែម វិចទ័រ បានអោយដឹងថា មុនកេីតហេតុខ្លួនបេីករថយន្តពីស្តុបស្ពានព្រែកហូរឆ្ពោះទៅទិសខាងកេីត ពេលមកជិតដល់ស្តុបកាកបាតក្រហមខេត្តកណ្ដាល មានម៉ូតូមួយគ្រឿងជិះគ្នា ២នាក់ បានគោះឡានខ្លួន ខ្លួនខឹងក៏បេីករថយន្តដេញបំបុកតែម្ដង ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ដោយឡែកជនបង្ករ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ បានបញ្ជាក់បន្ថែមថា ករណីនេះ មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ ប៉ុន្តែជាករណីប៉ុនប៉ងមនុស្សឃាដដោយចេតនា ដែលមិនអាចអត់ឱនអោយបាន ។

