ឃាត់ខ្លួនជនជាតិចិន០៦នាក់ ខណៈព្រួតគ្នាបង្កហិង្សានិងចាក់ទៅលេីបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យស្លាប់

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វេីការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបាន០៦នាក់ បន្ទាប់ពីពួកគេបានព្រួតគ្នាបង្កហិង្សា និងប្រេីអាវុធចុងស្រួចចាក់ទៅលេីបុរសជនជាតិចិនម្នាក់រហូតឈានដល់ស្លាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអគារព្រីនស៍ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គេបានឃើញមានជនជាតិចិន១ក្រុមមានគ្នា៦នាក់ បានឈ្លោះប្រកែកគ្នាជាមួយបុរសជាតិចិនម្នាក់ទាំងកំហឹង រហូតបាននាំគ្នាព្រួតវាយដំជាន់ធាក់និងប្រេីអាវុធចុងស្រួចចាក់ទៅលើបុរសជនជាតិចិនរងគ្រោះម្នាក់នោះបណ្ដាលឲ្យស្លាប់នៅកណ្ដាលផ្លូវតែម្ដងទេីបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗដើម្បីជួយអន្តរាគមន៍ ។

ក្រោយទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់កន្លែងកេីតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធសរុប០៦នាក់ យកទៅការិយាល័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធ និងករណីនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេថា បង្កឡេីងព្រោះរឿងអ្វី ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការហ៊ុមព័ទ្ធខ្សែ និងធ្វេីការស្រាវជាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *