សម្ដេចតេជោ ហ៊ុន សែន៖ ភរិយាខ្ញុំបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភរិយារបស់សម្ដេច បានគិតច្រើនឆ្នាំមកហើយ ចំពោះដង្ហែអង្គកឋិនទានទៅវត្តនៅខ្មែរក្រោម។
តាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងថា ភរិយារបស់សម្ដេច បានគិតច្រើនឆ្នាំមកហើយ ចំពោះរឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ សម្ដេច បានបន្ថែមថា ជាអកុសលឪពុករបស់សម្ដេច បានទទួលមរណភាពនៅឆ្នាំ ២០១៣ ដែលគ្រួសាររបស់សម្ដេច សម្រេចផ្អាកការធ្វើបុណ្យកឋិនរយៈពេល ៥ឆ្នាំ។ រឿងថ្មីបានកើតឡើង គឺម្តាយក្មេករបស់សម្ដេចមានជំងឺ និងទទួលមរណភាព នៅឆ្នាំ ២០២០ ក៏ក្រុមគ្រួសាររបស់សម្ដេច សម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់បន្តថា ឆ្នាំនេះភរិយារបស់សម្ដេច បានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត ហើយក្រុមគ្រួសាររបស់សម្ដេច ក៏បានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន គឺបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី ៤ ខែវិច្ចិកា ឆ្នាំ ២០២៤ខាងមុខដោយមានភរិយារបស់សម្ដេច រួមជាមួយសម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។
បើតាមសម្ដេចតេជោ ហ៊ុន សែន អង្គកឋិនទាននេះធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន ៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី ៣ ខែវិច្ចកា ឆ្នាំ ២០២៤ ដែលមានសម្ដេចតេជោ ហ៊ុន សែន និងភរិយា ចូលរួមដោយផ្ទាល់។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ អាចអញ្ជើញទៅលេងបុណ្យកឋិនទាននេះបាន តែត្រូវបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រុមគ្រួសាររបស់សម្ដេច ត្រូវប្រើពេល ១២ឆ្នាំ ទើបអាចសម្រេចក្តីសុបិនដង្ហែអង្គកឋិនទានទៅវត្តនៅខ្មែរក្រោម នាពេលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *