ភ្នំពេញ៖ បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី អ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាសិកដ្ឋានស្រី របស់សាលាឥស្លាម ត្រូវបានចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។
បុគ្គល កាម៉ារូទីន ស៊ូហៃមី ជនជាតិខ្មែរឥស្លាម ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ពីបទ ប្រទូស្តកេរ្តខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និងស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តចំណុចនៅវិទ្យាស្ថានអាន់នៀកម៉ះអាល់ឥស្លាមីយ៉ះភ្នំពេញ II ស្ថិតនៅក្រុម១ ភូមិ០៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីកំឡុងខែមីនា ខែកញ្ញា និងក្នុងខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិចែងឲ្យផ្តន្ទាទោសតាមមាត្រា២៤៧ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ។
មុនធ្វើការឃុំខ្លួននេះ លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងនេះ តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យពីបទ ៖
*ទី១៖ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើសតាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ
*ទី២៖ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និង ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធការប្រព្រឹត្តអំពើប្រទូស្តកេរ្ដិ៍ខ្មាស និងរំលោភសេពសន្ថវៈលើកុមារីជាសិស្សសាលាខ្មែរឥស្លាម។
ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោមការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា កម្លាំងជំនាញបានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ (អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀត បានបំភ្លឺផ្តល់ព័ត៌មាន។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានសូមអំពាវនាវដល់ក្រុមគ្រួសារ នៃកុមារីរងគ្រោះក្នុងករណីខាងលើនេះ មកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឬដាក់ពាក្យបណ្តឹង អនឡាញតាមរយៈក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ព័ត៌មាន និងភស្តុតាងបន្ថែម ដល់សមត្ថកិច្ចជំនាញ ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ៕