ភ្នំពេញ: ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច ហើយជិះម៉ូតូរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះជានារីក្លាហានក៍មិនខ្លាចជិះម៉ូតូដេញបំបុកម៉ូតូជនសង្ស័យបណ្ដាលឲ្យួដួលធ្លាក់ទូរស័ព្ទជនរងគ្រោះនិងទូរស័ព្ទជនសង្ស័យ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ចោលទាំងទូរស័ព្ទទាំងម៉ូតូ ហើយគេចខ្លួនបាត់ស្រមោល។
ហេតការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង១៥ នាទីយប់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរស្តុបច្រកចូលផ្សារព្រៃទា ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាឃ្លីកពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ1JH-5368ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈនោះស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅស៊េរីឆ្នាំ ២០២១ពាក់ស្លាកលេខពោធិ៍សាត់1K-0484 និងមានបក្សពួក២ម៉ូតូទៀតជិះមកពីក្រោយ ចាំបិតគូទ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច រួចក៏ជិះម៉ូតូគេចខ្លួន ភ្លាមនោះប៉ះចំជនរងគ្រោះជានារីក្លាហានផង ក៍ជិះម៉ូតូដេញពីក្រោយហើយបំបុកម៉ូតូជនសង្ស័យឲ្យដួលធ្លាក់ទូរស័ព្ទជនរងគ្រោះនិងទូរស័ព្ទសង្ស័យ។ប្រភពដដែលបានបន្តទៀតថា ពេលនោះគេឃើញម៉ូតូជនរងគ្រោះក៏ដួលម៉ូតូជនសង្ស័យក៏ដួលធ្វើឲ្យជនរងគ្រោះរងរបួសក្បាលជង្គង់ទាំងសងខាង ខណៈនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ចោលទូរស័ព្ទនិងម៉ូតូមួយគ្រឿង ហើយគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះដឹកតាមរថយន្តបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកម៉ូតូជនសង្ស័យសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីធ្វើការសាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕