អាសូរណាស់ស្ត្រីដែលជាកម្មកររោងចក្រកាត់ដេរម្នាក់  ខំស្រូតពីព្រលិមឲ្យទាន់ម៉ោងចូលធ្វើការអកុសលជិះម៉ូតូដល់ពាក់កណ្តាលផ្លូវត្រូវរថយន្តកិនស្លាប់

ភ្នំពេញ-ស្ត្រីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអណោចអធម ខណៈកំពុងជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តកុងតីន័រមួយគ្រឿងកិនបែកក្បាលនិងធ្លាយពោះវៀនខ្ទាតពេញផ្លូវ។

ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣. សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើនេះមានឈ្មោះ អ៊ូ ស៊ីវន  ភេទស្រី អាយុ៥១ឆ្នាំ. មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដួនវង់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វីព៍ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1AD-3036. ជិះចេញពីផ្ទះរបស់គាត់ចេញទៅធ្វើការរោងចក្រនៅម្តុវត្តស្លែង. ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង. លុះដល់ចំនុចកើតហេតុក៏ទាក់ដៃចង្កូតជាមួយនិងអ្នកជិះកង់បណ្តាលឲ្យដួលស្របពេលនោះក៏មានរថយន្តកុងតីន័រមួយគ្រឿងម៉ាកFUSO ពាក់ផ្លាកលេខភ្នំពេញ3G-0437 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបានកិនជនរងគ្រោះចំពីលើបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែង និងយកម៉ូតូនិងរថយន្តទៅរក្សាទុកដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ។

ចំណែកសពស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំពត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *