ភ្នំពេញ: នារីម្នាក់ជិះម៉ូតូចេញពីដើរលេងត្រឡប់ទៅផ្ទះ ត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូ២-៣ គ្រឿងមកធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចបណ្ដាលឲ្យជនរងគ្រោះធ្លាក់លើម៉ូតូ រងរបួស កែងដៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខសាលាខណ្ឌនិងមុខអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅក្នុងសង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។កាលពីវេលាម៉ោង១២ និង ២៦ នាទីយប់រំលងរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ២០២៤។
ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅស៊េារីឆ្នាំ ២០០៦ ពាក់ស្លាកលេខកណ្ដាល1B-4380 ចេញពីដើរលេងបំណងត្រឡប់ទៅផ្ទះវិញនៅម្តុំកំបូល ដោយធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ ២ ទៅ ៣ គ្រឿង បានធ្វើសកម្មភាពឆក់កាបូបដែលរូបគាត់ស្ពាយនៅពីមុខ បានសម្រេចបណ្ដាលឲ្យរូបគាត់ធ្លាក់ពីលើម៉ូតូអូសជាច្រើនម៉ែត្ររងរបួសកែងដៃម្ខាង ភ្លាមនោះរូបគាត់ក៏បានងើបឡើងរត់ដេញនិងស្រែកថាចោរៗឲ្យគេជួយតែគ្មានអ្នកជួយ។ជនរងគ្រោះបានបន្តទៀតថានៅក្នុងកាបូបរបស់គាត់មានទូរស័ព្ទ iphone 12 pro mex មួយគ្រឿង និងលុយកាក់បន្តិចបន្តួច។ចំណែកជនសង្ស័យក៏បាននាំគ្នាជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលការកាបទី១ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍រកមុខជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕