ភ្នំពេញ-លោកគ្រូជំនាញចាប់សសៃម្នាក់បានស្លាប់បាត់បង់ជិវិត ខណៈខំប្រឹងក្រោកតាំងពីងងិតប្រញាប់ទៅចាប់សសៃឲ្យអ្នកជំងឺ បានជួបគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីជិតភ្លឺ. ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១. សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ ម៉ៅ លី. ភេទប្រុស. អាយុ៦៦ឆ្នាំ មុខរបរគ្រូខ្មែរចាប់សសៃ. មានស្រុកកំណើត នៅភូមិបឹងក្រុំ ឃុំបឹងក្រុំ ស្រុកល្វាឯម ខេត្តកណ្តាល។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. នៅមុនពេលកើតហេតុជនរងគ្រោះខាងលើខំក្រោកតាំងពីយប់ងងិត វេចបាយម្ហូប ដើម្បីយកទៅទុកហូបដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស១២៥ ព៍ណខ្មៅ. ពាក់ផ្លាកលេខភ្នំពេញ1AF-9419 ចេញពីផ្ទះរបស់គាត់ ដើម្បីទៅធ្វើសសៃឲ្យអ្នកជំងឺនៅឯម្តុំស្ទឹងមានជ័យ. ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច. លុះដល់ចំនុចកើតហេតុ ក៏បានបុកកន្ទុយរ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅខាងឆ្វេងដៃ ត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបានកិនចំក្បាលបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធម ហើយអ្នកបើកបររថយន្តខាងលើបានបើករថយន្តគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ក្បាលកោះសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅនិងកម្លាំងជំនាញនគរបាលការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការវាស់វែងនិងពិនិត្យកាំម៉ារ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើ ដើម្បីបើកការស្រាវជ្រាវផ្លាកលេខរថយន្តនិងអ្នកបើកបរឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕




