ភ្នំពេញ: នារីស្រស់ស្អាតម្នាក់បើករថយន្តម៉ាកMazda មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BL-8458ក្នុងស្ថានភាពស្រវឹងបានរេចង្កូចជ្រុលបុកម៉ូតូឌ្រីមសង់មួយគ្រឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CA-5682ចតស្ងៀមពីក្រោយបណ្ដាលឲ្យរកាខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ រួចមិនឈប់ធ្វើការដោះស្រាយនោះទេ បែជាព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ដោយអ្នកបើកបរច្រឡំផ្លូវក៏បានបើកចូលផ្លូវបេតុងផ្ទះល្វែងមួយកន្លែង ក៏បុកច្រវ៉ាក់ដាក់កាត់ទទឹងផ្លូវច្រកចេញចូលបណ្ដាលច្រវ៉ាក់ដាច់ចេញពីគ្នា ហើយត្រូវបានសន្តិសុខយាមនៅច្រកចេញចូលធ្វើការឃាត់ជាប់ ខណះនោះគេឃើញនារីរូបស្រស់ខាងលើចេញពីរថយន្តដើរទ្រេតទ្រោតក្នុងស្ថានភាពស្រវឹងស្រា។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង ៤៥ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦១ កែងនឹងផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយខាងម៉ូតូទាសំណង៨០ដុល្លារ ដោយខាងភាគីរថយន្តឲ្យតែ៥០ដុល្លារ ក្រោយមកភាគីទាំងពីរដូចជានិយាយមិនឯកភាពគ្នាសោះ ខណះនោះស្រាប់តែលិចមុខបុរសម្នាក់ចេញមុខអះអាងថាធានាចេញថ្លៃសំណងខូចខាតទៅលើម៉ូតូ ស្រាប់តែមួយសន្ទុះក្រោយមកក៏បានបើកម៉ូតូចេញទៅបាត់ បន្ទាប់មកខាងភាគីរថយន្តបានទំនាក់ទំនងហៅសាច់ញាតិមកជួយដោះស្រាយ ខណះសាច់ញាតិមកដល់ក៏បានចេញសំណងភ្លាមៗទៅឲ្យខាងភាគីម៉ូតូចំនួន៥០ ដុល្លារ ខាងភាគីម៉ូតូក៏ព្រមឯកភាពទទួលយក ចំណែកខាងថ្លៃខូចខាតដាច់ច្រវ៉ាក់ក័បានចេញសំណងឲ្យទៅសន្តិសុខ ១០ ដុល្លារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេត រួចក៏បានប្តូរគ្នាបើករថយន្តវិញម្ដង៕







