«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស ១១នាក់


កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ២០២៥ បានចុះបង្ក្រាបហាង«ចែមុំបុកល្ហុង» ដែលសង្ស័យលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្ស១១នាក់ និងរកឃើញវត្ថុតាងមួយចំនួន។

ប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបនេះ បានធ្វើឡើងចំណុចហាង«ចែមុំបុកល្ហុង» តាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក​ឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជន បានប្រាប់ឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ រកឃើញស្រោមអនាម័យមិនទាន់ប្រើចំនួន១ និងសៀវភៅ និងឃាត់ខ្លួនមនុស្សចំនួន១១នាក់ ក្នុងនោះមានក្មេងស្រីជាអានីតិជនចំនួន៥នាក់ និងប្ដីប្រពន្ធម្ចាស់ហាងពីរនាក់។

ក្រោយឃាត់ខ្លួន ម្ចាស់ហាងរួមទាំងនារីរងគ្រោះចំនួន៩នាក់ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីសាកសួរបំភ្លឺ និងចាត់ការ​តាម​និតិវិធី​បន្ត​៕

Leave a Reply

Your email address will not be published. Required fields are marked *